(សៀមរាប)៖ ដោយមើលឃើញពីផលវិបាក និងផលប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស បរិស្ថាន និងវិស័យទេសចរណ៍នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយស្តីអំពី «ទឹកស្អាត និងអនាម័យ» ក្នុង គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ។
សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ដោយផ្តោតសំខាន់លើគម្រោងសាកល្បងគំរូ នៃគម្រោងដែលអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋាភិបាលបារាំង ដើម្បីធ្វើការសិក្សាអំពី ការគ្រប់គ្រងទឹកស្អុយ ទឹកស្អាត ការសម្អាតទឹក និងកាកសំណល់ផ្សេងៗ នៅក្នុងតំបន់អង្គរ ដោយមានលោក ហង់ ពៅ អគ្គនាយករង តំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមជាអធិបតី។
ក្នុងនោះក៏មានវត្តមាន របស់អគ្គនាយករង នៃនាយកដ្ឋានពាក់ព័ន្ធ ក្រុមការងារសហគមន៍ អាជ្ញាធរមូលដ្ឋាន តំណាងប្រជាជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា និង សិក្សាបច្ចេកទេស លម្អិតពីអ្នកជំនាញ មកពីគម្រោងទឹកស្អាត និងអនាម័យរបស់ធានាគារពិភពលោក អង្គការ IDE និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានបទពិសោធន៍ក្នុងការងារនេះ ឱ្យសិក្ខាកាមយកទៅអនុវត្តបន្ត នៅតាមសហគមន៍ ក្នុងតំបន់អង្គរប្រកបដោយប្រសិទ្ធភាព។
លោក ចាន់ វីរៈ មន្ត្រីគម្រោងទឹកស្អាត និងអនាម័យរបស់ធានាគារពិភពលោក បានលើកឡើងថា បញ្ហាអនាម័យ និងកង្វះទឹកស្អាតមិនមែនជា រឿងមួយគ្រួសារ ហើយគ្រាន់តែធ្វើឱ្យកខ្វក់ បរិស្ថាន តែមួយមុខទេ តែវាជារឿងប៉ះពាល់ដល់ការរីកចម្រើន នៃប្រទេសជាតិទាំងមូល ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះវាប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ច និងការលូតលាស់ធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមផងដែរ។
លោកបញ្ជាក់ទៀតថា ប្រជាជមួយចំនួនធំនៃប្រទេសកម្ពុជា ពុំមានបង្គន់សមស្របប្រើប្រាស់ ខ្លះទៀតកំពុងបន្ទោរបង់ពាសវាលពាសកាល និងខ្លះទៀតបរិភោគទឹក ដែលបានមកពីប្រភពមិនល្អប្រសើរ ជាហេតុបណ្តាលឱ្យជាតិ និងគ្រួសារត្រូវចំណាយថវិការាប់លានដុល្លារផងដែរ ក្នុងមួយឆ្នាំៗទៅលើសេវាសុខភាពសាធារណៈ និងការបាត់បង់ធនធានមនុស្ស ដោយសារជំងឺដែលឆ្លងពីការខ្វះខាតអនាម័យ និងទឹកស្អាតសម្រាប់ប្រើប្រាស់។
លោក ហង់ ពៅ ក៏បានលើកឡើងដែរថា ដើម្បីទាក់ទាញទេសចរឱ្យ មកទស្សនាតំបន់អង្គរឱ្យបានច្រើន និងស្នាក់នៅបានយូរ មានតែប្រាសាទស្អាតមិនគ្រប់គ្រាន់ទេ គឺត្រូវឱ្យភូមិដ្ឋានរបស់ប្រជាជន ក្នុងតំបន់អង្គរមានការរស់នៅស្អាត មានអនាម័យ និងបរិស្ថានល្អ ព្រោះទេសចរជាច្រើនបានចាប់អារម្មណ៍ ទៅលើទេសចរសហគមន៍ជាបណ្តើរៗហើយ។
លោកបញ្ជាក់ទៀតថា ឥទ្ធិពលនៃកំណើនទេសចរ ជារៀងរាល់ឆ្នាំជារឿងគួរឱ្យមោទនៈ តែក៏ធ្វើឱ្យមានកំណើនអ្នកចំណូលស្រុកដែរ ដែលធ្វើឱ្យមានកំណើននៃទឹកស្អុយ ទឹកស្អាត និងសំរាមកើនឡើងដូចគ្នា ដែលមិនត្រឹមតែប៉ះពាល់ ដល់សុខភាពប្រជាជនបរិស្ថានទេ ថែមទាំងប៉ះពាល់ដល់ទេសភាពវប្បធម៌ ក្នុងតំបន់អង្គរផងដែរ ពិសេសការប្រើប្រាស់ថង់ប្លាស្ទិក ហើយពុំបានគ្រប់គ្រងសំរាមទាំងនេះបានត្រឹមត្រូវ។
ដូច្នេះ ដើម្បីលើកកម្ពស់ការរស់នៅស្អាត មានទឹកស្អាតបរិភោគនិងប្រើប្រាស់គ្រប់គ្នា តាមរយៈគម្រោងដែលអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋាភិបាលបារាំង បានសិក្សានិងអនុវត្តគម្រោងគំរូ អំពីទឹកស្អាតនិងអនាម័យលើភូមិចំនួន៤ភូមិ មានលក្ខណៈផ្សេងៗពីគ្នា គឺភូមិស្រះស្រង់ខាងជើង ភូមិរហាល (លក្ខណៈប្រមូលផ្តុំ) ស្រែចង្ហូត (តាមដងផ្លូវ) និងលាងដៃ (ភូមិដែលមានផ្ទះដាច់ពីគ្នា) ដើម្បីសាកល្បងក្នុងការពិសោធន៍ មុននឹងយកទៅអនុវត្តជាក់ស្តែងលើភូមិទាំង ១១២ ក្នុងតំបន់អង្គរដោយមានក្រុមការងារ សហគមន៍ជាអ្នកផ្សព្វផ្សាយបន្ត សំដៅធ្វើយ៉ាងណាឱ្យប្រជាជន ក្នុងតំបន់អង្គរទទួលបាន នូវភាពសុខដុមរមនា៕