សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដុតកំទេចចោល សាច់ចិញ្ច្រាំ និងថ្លើមមាន់ខូចគុណភាព ជិត១តោន
06-08-2016 10:26
(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានដុតបំផ្លាញចោល នូវសាច់ចិញ្ច្រាំ និងថ្លើមមាន់ខូចគុណភាព ជិត១តោន ដែលបង្រ្កាបបាន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។
លោក ឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០៖៣០នាទី កម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្រ្កាបជាក់ស្តែង នូវរថយន្តមួយគ្រឿង ម៉ាក VEGO ស្លាកលេខ 2J-1258 ដឹកជញ្ជូនសាច់ចិញ្ច្រាំ ចំនួន៧កេស ទំងន់៣០០គីឡូក្រាម និងថ្លើមមាន់៨កេស ទំងន់ប្រហែល៣០០គីឡូក្រាម នៅចំណុច ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបន្តថា ដោយពិនិត្យឃើញថា សាច់ទាំងអស់នេះ ខូចគុណភាព មិនអាចរក្សាទុកបាន ទើបសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសម្រេចដុត កំទេចចោល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ នៅទីលានចាក់សំរាម បឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រតិបត្តិការខាងលើនេះ គឺជាយុទ្ធនាការ ដើម្បីជួយសង្រ្គោះការចរាចរ នាំចូលសាច់ខូចគុណភាព ដែលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តែងតែបង្រ្កាបជាប្រចាំដូចភ្លៀងរលឹម។
សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមអំពាវនាវដល់អាជីវករ ក៏ដូចជាឈ្មួញនាំចូលសាច់ និង គ្រឿងក្នុងសត្វគ្រប់ប្រភេទ សូមពិនិត្យទៅលើគុណភាព ឲ្យបានល្អ ជៀសវាងប៉ះពាល់សុខភាព របស់បងប្អូនប្រជាបលរដ្ឋ ពេលទិញ ឫជាវមកបរិភោគ៕