(ក្រុងរីយ៉ូ)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ ត្រូវបានបើកសម្ពោធជាផ្លូវការនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលព្រឹកថ្ងៃសៅរ៍នេះ នៅកម្ពុជា ស្មើនឹងយប់ប្រេស៊ីល។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ថ្នាក់ដឹកនំា នៃប្រទេសប្រេស៊ីល មន្រ្តីកីឡា និងអត្តពលិកជិត ១០ម៉ឺននាក់ បានចូលរួមក្នុងពិធីបើកការប្រកួតនេះនៅពហុកីឡដ្ឋាន Maranaca។
សូមជម្រាបថា យុទ្ធនាការ ដែលមានពហុកីឡារួមបញ្ចូលគ្នានេះ នឹងធ្វើឡើងមានរយៈពេលតែ ១៦ថ្ងៃ សម្រាប់ឲ្យអត្តពលិកមកពី ២០៧ប្រទេសប្រកួតប្រជែងដណ្តើមមេដាយទៅលើ ២៨ប្រភេទកីឡា ចែកចេញជា ៣២០វិញ្ញសា។
កម្ពុជា ក៏មាន ៤ប្រភេទកីឡារួមមាន កីឡាតេក្វាន់ដូ កីឡាហែលទឹក កីឡាបោកចំបាប់ និងកីឡាអត្តពលកម្ម ស្មើនិង ៦អត្តពលិក ចូលរួមនឹងគេដែរ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
ខាងក្រោមនេះ ជាកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជានៅ Olympic Games 2016
១/. កីឡាករហែលទឹក ពូ សុវិជ្ជា វិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រសេរី ប្រកួតថ្ងៃទី០៩ សីហា វេលាម៉ោង ១រសៀល (ម៉ោងនៅប្រេស៊ីល)។
២/. កីឡាការិនី ហែម ថុនវិទិនី វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ប្រកួតនៅថ្ងៃទី១២ សីហា វេលាម៉ោង ១រសៀល។
៣/. កីឡាការិនីអត្តពលកម្ម (រត់ប្រណាំង) លី ណារី ប្រកួតថ្ងៃទី១៤ សីហា វេលាម៉ោង ៩ព្រឹក។
៤/. កីឡាការិនីចំបាប់ ចូវ សុធារ៉ា វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ប្រកួតថ្ងៃទី១៧ សីហា វេលាម៉ោង ១០ព្រឹក។
៥/. កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី វិញ្ញាសាទម្ងន់ លើស ៦៧គីឡូក្រាម (+67Kg) ប្រកួតថ្ងៃទី២០ សីហា វេលាម៉ោង ១រសៀល។
៦/. កីឡាករអត្តពលកម្ម នីកូ ប្រកួតថ្ងៃទី២១ សីហា វេលាម៉ោង ៩៖៣០នាទីព្រឹក៕