(ឥណ្ឌូនេស៉ី)៖ ក្រោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៅនីតិកាលទី៧នេះ, លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានប្រកាសពីការត្រៀមខ្លួនបន្ដផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និតជាមួយប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
លោកអគ្គលេខាធិការអាស៊ាន បង្ហាញនូវក្ដីជឿជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តធ្វើដំណើរទៅរកអនាគតកាន់តែភ្លឺស្វាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្លួនឯងផង និងសម្រាប់ប្រជាជនអាស៊ានផង។
លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងក្រោយពីឆ្នាំ២០២៥។ លោកទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នៅទីក្រុងហ្សាការតា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែក្រោយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន៖
«ខ្ញុំសូមជូនពរ និងអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ក្នុងឱកាសដែលឯកឧត្តម ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។ ការជាប់ឆ្នោតជាប្រមុខរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពនៃទំនុកចិត្តដែលប្រជាជនកម្ពុជាបានផ្តល់ជូន ចំពោះការដឹកនាំរបស់ឯកឧត្តម ដើម្បីជំរុញសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពដែលកំពុងបន្ត របស់ប្រទេសកម្ពុជា។
ចាប់តាំងពីក្លាយជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៩ មក កម្ពុជាបាន និងបន្តបោះជំហាន ដោយចូលរួមចំណែកយ៉ាងខ្លាំង ដល់របៀបវារៈកសាងសហគមន៍អាស៊ាន។ ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអភិវឌ្ឍ និងសមាហរណកម្មអាស៊ាន ត្រូវបានបង្ហាញចុងក្រោយនេះ តាមរយៈការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលកម្ពុជា បានដឹកនាំតំបន់នេះ ក្នុងការត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ចាប់ផ្តើមថមថយ។
កម្ពុជា តែងតែដើរតួនាទីសំខាន់ ក្នុងការប្រកាន់ខ្ជាប់នូវមជ្ឈភាព និងឯកភាពអាស៊ាន សូម្បីតែក្នុងពេលវេលាដ៏ច្របូកច្របល់ និងដ៏លំបាក ដូចសបញ្ជាក់ឱ្យឃើញក្នុងការរៀបបចំ កិច្ចសន្ទនាសកលអាស៊ានលើកទី ២ ប្រកបដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជាតែងតែលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់អាស៊ាន នៅក្នុងតំបន់ ដែលត្រូវបានបញ្ជាក់ តាមរយៈការអនុម័ត សេចក្តីប្រកាសរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ស្តីពីការបញ្ជ្រៀបវិស័យអាទិភាពទាំង ៤ នៃចក្ខុវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) នៅក្នុងយន្តការដឹកនាំដោយអាស៊ាន និងការអនុម័តឯកសារទស្សនទាន ស្តីពីផែនទីចង្អុលផ្លូវអាស៊ាន សម្រាប់ការលើកកម្ពស់ AOIP កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ វាមានសារៈសំខាន់ដែលសេចក្តីប្រកាសនេះ បានជួយឱ្យចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្ត AOIP នៅទូទាំងអង្គភាពតាមវិស័យរបស់អាស៊ានទាំងអស់។
ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក៏បានចារនៅក្នុងប្រវត្តិសាស្ត្រអន្តរជាតិផងដែរ។ បន្ទាប់ពីរយៈពេល ១១ឆ្នាំ ការស្នើសុំរបស់ទីម័រខាងកើតចូលជាសមាជិកអាស៊ាន ទទួលបានវឌ្ឍនភាពប្រកបដោយអត្ថន័យ ក្រោយពីការអនុម័ត សេចក្តីថែ្លងការណ៍ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ស្តីពីការស្នើសុំជាសមាជិកភាពអាស៊ាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ទីម័រខាងកើត ត្រូវបានអនុញ្ញាតជាគោលការណ៍ជាសមាជិកទី ១១ របស់អាស៊ាន។
ដោយសារឋានៈជាអ្នកសង្កេតការណ៍ ដែលផ្តល់ដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ពេលនេះទីម័រខាងកើត មានអភ័យឯកសិទ្ធិអាចចូលរួមកិច្ចប្រជុំទាំងអស់របស់អាស៊ាន រួមទាំងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ករណីនេះ បានចូលរួមចំណែកយ៉ាងធំធេងដល់វឌ្ឍនភាពរបស់ទីម័រខាងកើត ក្នុងការត្រៀមខ្លួនក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
បន្ថែមពីលើសមិទ្ធផលដែលសំរេចបានខាងលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេរបស់ពិភពលោក ត្រូវបានចុះហត្ថលេខាក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុន បន្ទាប់ពីការចរចាត្រូវបានចាប់ផ្តើមក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។ កិច្ចព្រមព្រៀង RCEP នេះ ពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អាស៊ាន និងដៃគូ ក្នុងការធ្វើធុរកិច្ចជាមួយអាស៊ាន ស្របគ្នាជាមួយ ការព្យាករណ៍ដែលថា អាស៊ាននឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេបង្អស់ទី ៤ នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្តម ជានាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តធ្វើដំណើរទៅរកអនាគតកាន់តែភ្លឺស្វាង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្លួនឯងផង និងសម្រាប់ប្រជាជនអាស៊ានផង។ លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ឆ្ពោះទៅរកការសំរេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយពីឆ្នាំ២០២៥។ ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្តម នៅទីក្រុងហ្សាការតា សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែក្រោយ»៕