(ចាកាតា)៖ ក្រុមប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនជនសង្ស័យ ជាក្រុមឧទ្ទាមចំនួន៦នាក់ ដែលពួកគេត្រូវបានគេជឿជាក់ថា មានការជាប់ពាក់ព័ន្ធនឹងក្រុម ISIS ហើយកំពុងរៀបចំគម្រោងវាយប្រហារដោយគ្រាប់បែក លើប្រទេសសិង្ហបុរី។ នេះបើតាមសម្តីក្រុមអាជ្ញាធរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី០៦ ខែសីហា។
អាជ្ញាធរសិង្ហបុរីលើកឡើងថា វាគឺជាការបង្កើនសន្តិសុខ នៅក្នុងការឆ្លើយតបទៅនឹង គម្រោងវាយប្រហារ ដែលរៀបចំឡើងនៅលើកោះ Batam របស់ឥណ្ឌូនេស៊ី។
អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី លោក Agus Rianto បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង៦នាក់ បាននឹងកំពុងរៀបចំគម្រោង ជាមួយនឹងសមាជិកមួយរូបនៃក្រុម ISIS ក្នុងប្រទេសស៊ីរី ដើម្បីវាយប្រហារសិង្ហបុរី ជាពិសេសគឺសំខាន់សំខាន់ដូចជា តំបន់ពាណិជ្ជកម្មពិសេស, ធនាគារ និងនៅតាមកន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន ព្រមទាំងកន្លែងដែលសម្បូរដោយមនុស្សមកពីលោកខាងលិច។
«អ្វីដែលយើងបានដឹងរហូតមកដល់ពេលនេះ គឺពួកគេកំពុងរៀបចំគម្រោងដើម្បីវាយប្រហារទីកន្លែងសំខាន់ៗ, តំបន់មមាញឹក ក្នុងនោះរួមទាំងការិយាល័យប៉ូលិសផងដែរ» នេះបើតាមសម្តីលោក Rianto បានលើកឡើង។
ដោយឆ្លើយនឹងសំណួរ ថាតើប៉ូលិសបានរកឃើញភស្តុតាងជាក់ស្តែងណាមួយ នៃការវាយប្រហារដោយគ្រាប់រ៉ូកែត លោក Rianto បានឆ្លើយថា មិនទាន់នោះទេ។
-ទំនាក់ទំនងជាមួយក្រុម ISIS
ជនទាំង៦នាក់ដែលត្រូវបានចាប់ខ្លួន មានការសង្ស័យមានទំនាក់ទំនងជាមួយនឹងជនឈ្មោះ Bahrun Naim ជាជនជាតិឥណ្ឌូនេស៊ី ដែលកំពុងប្រយុទ្ធជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី។ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូនេស៊ី ជឿជាក់ថា ជន Bahrun Naim ជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្តើមគំនិត នៅពីក្រោយខ្នង នៃការវាយប្រហារមួយ កាលពីខែមករា ក្នុងរដ្ឋធានីចាកាតា របស់ឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្ស៨នាក់ ក្នុងមួយរួមមានប៉ូលិស៤នាក់។ ក្រុមជនសង្ស័យទាំង៦នាក់នោះ ភាគច្រើនជាកម្មកររោងចក្រ មានអាយុចម្លោះពី ១៩ដល់៤៦ឆ្នាំ។
សិង្ហបុរី ដែលនឹងប្រារព្ធថ្ងៃបុណ្យឯករាជ្យរបស់ខ្លួន នៅសប្តាហ៍ក្រោយ បានលើកឡើងថា វាពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះការចាប់ខ្លួននេះ។ «យើងបានដឹងពីគម្រោងនៃការវាយប្រហារមកលើពួកយើង ដោយគ្រាប់រ៉ូកែត» នេះបើតាមការលើកឡើងពីលោក K. Shanmugam រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងសិង្ហបុរី។ លោកមិនបានបញ្ជាក់ពីប្រភេទនៃគ្រាប់រ៉ូកែត ដែលក្រុមជនសង្ស័យគ្រោងប្រើប្រាស់ ដើម្បីវាយប្រហារ ឬក៏ភស្តតាងអ្វីនៃគម្រោង ដែលត្រូវបានរកឃើញនោះទេ។
សិង្ហបុរី ដែលជាប្រទេសចម្រុះពូជសាសន៍ មិនធ្លាប់ត្រូវបានរងការវាយប្រហារដោយជោគជ័យណាមួយ ដោយក្រុមឧទ្ទាមឥស្លាមនោះទេ ដោយក្រុមអាជ្ញាធរបានបំបែក គម្រោងវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនលើក លើស្ថានទូតជាច្រើនភ្លាមៗ បន្ទាប់ពីហេតុការណ៍វាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក ខណៈជនឧទ្ទាមជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ Mas Selamat Kastari ត្រូវបានឃុំខ្លួន ដោយរងការចោទប្រកាន់ ពីបទមានគម្រោងប្លន់យន្តហោះ ដើម្បីបើកបំបុកអាកាសយាន្តដ្ឋាន Changi របស់សិង្ហបុរី កាលពីឆ្នាំ២០០២។
-ការវាយប្រហារក្នុងតំបន់
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី មិនមានបញ្ជាក់ពីព័ត៌មានលម្អិត នៃចោទប្រកាន់ចុងក្រោយនេះ លើគម្រោងវាយប្រហារឡើយ។ អ្នកនាំពាក្យប៉ូលិសជាតិ លោក Martinus Sitompul បានឲ្យដឹងថា ប៉ូលិស និងស្ថាប័នប្រឆាំងអំពើភេរវកម្ម បានចាប់ផ្តើមដំណាក់កាលដំបូង នៃការស៊ើបអង្កេតរបស់ពួកគេហើយ។
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសជិតខាង បានឲ្យដឹងថា មានបុរសជាច្រើននាក់ បានចាកចេញពីប្រទេស ដើម្បីទៅចូលរួមជាមួយក្រុម ISIS នៅតំបន់មជ្ឈិមបូព៌ា ខណៈសិង្ហបុរីបានឃុំខ្លួនមនុស្សជាច្រើននាក់ សង្ស័យគាំទ្រដល់ក្រុមឧទ្ទាមនេះ។
ក្រុមមន្ត្រីសន្តិសុខបានបង្ហាញការព្រួយបារម្ភថា ជនសង្ស័យឈ្មោះ Naim និងក្រុមមេដឹកនាំក្រុម ISIS ផ្សេងទៀត កំពុងស្នើឲ្យក្រុមអ្នកគាំទ្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត បើកការវាយប្រហារនៅក្នុងតំបន់ ដែលពួកគេរស់នៅ ជំនួសការធ្វើដំណើរមកចូលរួមប្រយុទ្ធ នៅតំបន់មជ្ឈិមបូព៌ា។
ក្រុមឧទ្ទាមនៅតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងប្រយុទ្ធឲ្យក្រុម ISIS នៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា ពួកគេជ្រើសរើសបុរសម្នាក់ ក្នុងចំណោមបុរស ដែលត្រូវបានគេចង់ចាប់ខ្លួនខ្លាំងជាងគេបំផុត នៅក្នុងប្រទេសហ្វីលីពីន ដើម្បីដឹកនាំក្រុមនៅក្នុងតំបន់។ នេះបើតាមក្រុមមន្ត្រីសន្តិសុខ បានឲ្យដឹងកាលពីខែមុន។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថា សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ជាគោលដៅមួយ សម្រាប់ក្រុម ISIS ដោយសារពួកគេមើលឃើញថា សិង្ហបុរីជាប្រទេសសមស្រប, បើកទូលាយ និងមានប្រជាជនមកពីប្រទេសដទៃជាច្រើន បើទោះបីជាសិង្ហបុរី មិនជាប់ពាក់ព័ន្ធនឹងយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ប្រយុទ្ធនឹងក្រុម ISIS នៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ៕