(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើឯកសារទាំងនោះមានដូចខាងក្រោម៖

ទី១៖ ឯកភាពលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធី នៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ទី២៖ ឯកភាពលើឯកសាររួមមាន៖

*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
*ទម្រង់បែបបទលេខ១០០៧ (ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ)
*គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
*គំរូបណ្ណសម្គាល់ (ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត- ការណ៍ជាតិចល័តទូទាំងប្រទេស អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស)។

ទី៣៖ ឯកភាពលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ បោះឆ្នោត (ក.ច.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលឯកសារទាំងនោះរួមមាន៖

*សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ដែលជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី
*សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ បោះឆ្នោត
*សេចក្តីណែនាំស្តីពីនីតិវិធីនៃការប្រឡង QCM និងតេស្តកុំព្យូទ័រ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារជាក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត
*សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជ្រើសរើសថ្នាក់ជាតិ
*សេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការ ចំនួន ៤
*បទបញ្ជាផ្ទៃក្នុងសម្រាប់ការប្រឡង
*លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត
*លិខិតជម្រាបជូនប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការស្នើសុំតែងតាំងស្មៀនឃុំ សង្កាត់ ជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត
*ប្រតិទិននៃការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត។

ទី៤៖ ឯកភាពលើខ្លឹមសារខិត្តបណ្ណសំណួរ-ចម្លើយ និងខិត្តបណ្ណ (Poster) គំរូឯកសារផ្លូវការ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
យោងតាមប្រតិទិនជាផ្លូវការសម្រេចដោយ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕