(ព្រះសីហនុ)៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង រវាងរថយន្តម៉ាកសាំយ៉ុងបុកជាមួយម៉ូតូវេវ​ ក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនលឿន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នេះ បានកើតមានឡើង នៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រ១១៣-១១៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តសាំយ៉ុងបានរត់ គេចខ្លួនបាត់ស្រមោល។ មន្ត្រីកងរាជអាវុធហត្ថ ដែលចុះទៅការពារកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ នេះកើតឡើងរវាងរថយន្តម៉ាក់សាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ២AF-៨៦០៤ បុកជាមួយម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នា០២នាក់។

មន្ត្រីដដែលបានឲ្យដឹងទៀតថា សាកសពជនរងគ្រោះមានទី១-ឈ្មោះ សុខ វ៉េត ភេទប្រុស អាយុ ១៩ឆ្នាំ មាន ទីលំនៅភូមិឃុំកើតហេតុ បណ្តាលអោយស្លាប់នៅនឹងកន្លែងទី២-ឈ្មោះ ភា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុដូចគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ត និងម៉ូតូ​ ត្រូវបានយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយនៅពេលក្រោយ៕