(ភ្នំពេញ)៖ លោក ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។ តំណែងរដ្ឋមន្ត្រីក្រសួងការងារ គឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា។ នៅកម្ពុជាក៏ដូចគ្នាដែរ។ ដូច្នេះ តើ លោក ហេង សួរ ជាអ្នកណាដែលអង្គុយនៅលើកៅអីក្តៅមួយនេះ?
* ប្រវត្តិគ្រួសារ
ជាកូនអ្នកទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា លោកគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ ក្នុងឯកសារផ្លូវការ លោកកើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ លោកគឺជាឪពុក ដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោក គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលន ទ្រព្យ។ ម្តាយរបស់លោកនៅបន្តមរតកជាអ្នកមើលថែកូនចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។
* ជីវិតការងារ ដែលផ្តើមចេញពីអ្នកតូចតាច
តាមពិតឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូត ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដាវគ្គដំបូងបង្អស់នៅដើមឆ្នាំ២០០០។ នៅឆ្នាំ២០០៤ ក្នុងខណៈដែលលោកកំពុងសិក្សាថ្នាក់ បណ្ឌិតនៅជប៉ុន លោកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាតួនាទីជា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យលោកត្រូវបង្ខំចិត្តបោះបង់សិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល។
នៅឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងការងារ។ ជាបន្តទៀតលោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៅឆ្នាំ២០១៧ ហើយលោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០១៨ រហូតដល់បញ្ចប់នីតិកាលទី៦ មុនក្លាយជារដ្ឋមន្ត្រីក្រសួងនៅអាណត្តិទី៧នេះ។
* ប្រវត្តិការសិក្សា
ឯកសាររបស់គណបក្សប្រជាជនដដែល បានគូសបញ្ជាក់ថា លោកហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូងនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ លោកជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីអង្គុយកៅអីក្តៅរូបនេះ ក៏ជានិស្សិតអាហារូប ករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនផ្នែកគោល នយោបាយពន្ធដារក្នុងឆ្នាំ២០០០-២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលនៅឆ្នាំ២០០៤ ព្រោះត្រូវមកទទួលតំណែងក្នុងប្រទេសកំណើតវិញ។ នេះបើតាមការបញ្ជាក់ពីមិត្តភក្តិដែលធ្លាប់សិក្សានៅជប៉ុនជាមួយគ្នា។
* កិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្ស
នៅមុនការតែងតាំងជារដ្ឋមន្ត្រី លោកហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងលោកគឺជាជំនួយការ សម្តេចតេជោ ហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ ជាដើម។
ដោយឡែកការងារនយោបាយក្នុងបក្សវិញ លោកមានតួនាទីចំនួន១២ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្ស ប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុ ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណ រដ្ឋកូរ៉េ ថៃម៉ាឡេស៊ី និងជប៉ុនជាដើម។
* ចរិត្តលក្ខណៈការងារ
ជាកូនរាស្ត្រសាមញ្ញ លោក ហេង សួរ ជាមនុស្សរួសរាយ ងាយនឹងចូលគេចូលឯង ប៉ុន្តែលោកម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារ ដោយលោកត្រូវការទាំងគុណភាព និងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ។ នេះបើតាមអ្នកដែលធ្លាប់ធ្វើការជាមួយលោក ហេង សួរ។ មិនតែប៉ុណ្ណោះ លោក ក៏មិនរាថយចំពោះការចោទប្រកាន់នានាពីអ្នកដែលបាត់បង់ផលប្រយោជន៍ ឬមានចេតនាបំផ្លាញសង្គមឡើយ ពោលគឺឱ្យតែសកម្មភាព និងទង្វើររបស់លោក អាចនាំមកនូវប្រយោជន៍ ឬការពានូវប្រយោជន៍របស់ប្រជាពលរដ្ឋភាគ ច្រើនលើសលប់។
យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាលគេសង្កេតឃើញអ្នកកាន់តំណែងមានប្រភពចេញពីកូនររាស្ត្រសាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ៕