(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនពរ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ចំពោះការវិលត្រឡប់ទៅកាន់មាតុភូមិវិញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីបានជួបជុំគ្រួសារ និងចៅៗ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំ ឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗដែលគាត់នឹកខ្លាំងជាងគេ។ ជូនពរបងប្រុស មានសុខភាពល្អ»

ក្នុងសន្និសីទកាសែត នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា សម្តេចក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរវិលត្រឡប់របស់ លោក ថាក់ស៊ីន នាពេលនេះផងដែរ។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីរស់នៅនីរទេសខ្លួន នៅឯបរទេសអស់រយៈពេលជាង ១៥ឆ្នាំ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ ចូលប្រទេសថៃវិញ។ ប៉ុន្តែគេជឿថា អាចនឹងមានការសម្របសម្រួលនយោបាយណាមួយ ទើបអតីតនាយករដ្ឋមន្រ្តីរូបនេះ ហ៊ានត្រឡប់ចូលប្រទេសដោយគ្មានការភ័យខ្លាច៕