(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងឯកភាព កងកិត្តិយស ត្រែទ័ព នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គនេះថា វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងឯកភាព កងកិត្តិយស ត្រែទ័ព មានសិក្ខាកាមជាពលទាហានថ្មីចូលហ្វឹកហ្វឺនសរុប ១៥០នាក់ ត្រូវបានអគ្គបញ្ជាការ ចាត់បញ្ជូនមកហ្វឹកហ្វឺននៅក្នុងវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទតាំងតែពីខែមិថុនា ឆ្នាំ២០២៣មកម្លេះ ដែលររហូតមកដល់ពេលនេះមានរយៈពេលហ្វឹកហ្វឺន ៣ខែមកហើយ លើខ្លឹមសារមេរៀន, ចំណេះដឹងយោធា, អប់រំចិត្តសាស្ត្រ និងការងារត្រៀមបម្រុងផ្សេងៗ។ បន្ទាប់ពីបានធ្វើការហ្វឹកហ្វឺននៅក្នុងវិទ្យាស្ថានអស់រយៈពេល ០៣ ខែកន្លងមកនេះ សិក្ខាកាម ជាពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងកិត្តិយសប្រែទ័ព ទាំង ១៥០ នាក់ ទទួលបាននិទ្ទេសល្អ ១៨ នាក់ និទ្ទេសល្អបង្គួរ ៧៦នាក់ និងនិទ្ទេសមធ្យម ៥៦នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់សិក្ខាកាមពុលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងកិត្តិយសប្រែទ័ពទាំង ១៥០នាក់ ដែលបានខិតខំសិក្សារៀនសូត្រ ហាត់ពត់លត់ដំ តស៊ូជម្នះរាល់ការលំបាកក្នុងរយៈពេល ០៣ ខែកន្លងមក ដោយទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាមួយនឹងការងារហ្វឹកហ្វឺននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ ក្នុងវិទ្យាស្ថានទ័ពជើងគោក ដែលកន្លងមកបានសហការគ្នាយ៉ាងល្អជាមួយគ្រប់ស្ថាប័នទ័ពជំនាញរបស់កងយោធពលខេមរភូមិន្ទ ពិសេសជាមួយក្រុមអ្នកជំនាញការចិនប្រចាំវិទ្យាស្ថាន ក្នុងការកែលម្អកម្មវិធីសិក្សា លើគ្រប់កម្មវិធី ខ្លឹមសារមេរៀន សម្ភារៈឧប្បទេស នឹងបានដំណើរការដោយជោគជ័យ តាមផែនការកំណត់លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលលើគ្រប់ជំនាញ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទកាន់តែមានសមត្ថភាព និងគុណភាព លើភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាកំណែទម្រង់ចាំបាច់មិនអាចមើលរំលង ដោយបានលើកឡើងពីចក្ខុវិស័យការកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន ដោយផ្អែកលើចំណេះដឹង ចំណេះធ្វើជាមូលដ្ឋាន ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញឱ្យការកសាងធនធានមនុស្សក្នុងគ្រប់ស្រទាប់សិស្ស និស្សិត ក្នុងសង្គមស៊ីវិល និងក្នុងកងកម្លាំងប្រដាប់អាវុធ បានប្រកបទៅដោយគុណភាព ។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖ «ការអប់រំល្អ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។ ការអប់រំល្អ នឹងនាំដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសំដែងនូវអំណរគុណដល់គ្រប់បណ្ដាកងឯកភាព និងអាជ្ញាធរដែលពាក់ព័ន្ធជាមួយនឹងវិទ្យាស្ថានទ័ពជើងគោក ដែលក្នុងរយៈការកន្លងមកនេះបានសហការ និងផ្ដល់លទ្ធភាពគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យវិទ្យាស្ថានទ័ពជើងគោកមួយនេះបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរលើការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យការពារជាតិរបស់កម្ពុជា ។

នាឧត្តមសេនីយ៍ បានបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន ដូចដែលឯកឧត្តម អស់លោក ជានាយទាហាន យោធាចារ្យ និងប្អូនៗដែលជានិស្សិតនៃទាហានកំពុងបំពេញកម្មសិក្សានៅទីនេះបានដឹងហើយថាប្រទេសទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងជាពិសេសក្នុងរយៈពេលថ្មីៗកន្លងមកនេះ ប្រទេសយើងបានធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់សភាជាតិ អាណត្តិទី៧ ដោយទទួលបានជោគជ័យ ហើយបានស្បថចូលកាន់តំណែង ហ្នឹងនៅថ្ងៃនេះ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម សន្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី ក៏បានស្បថចូលកាន់តំណែង ដូច្នេះក្នុងនាមកងយោធពលខេមរភូមិន្ទ ទាំងអស់សូមអបអរសាទរ គាំទ្រ ដោយស្មោះស្ម័គ្រឥតងាករេ ចំពោះការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមពលទាហានថ្មីបំពេញក្របខណ្ឌឱ្យអង្គភាពកងកិត្តិយសត្រែទ័ពទាំងអស់ ពេលបញ្ចប់វគ្គនេះ ចេញទៅបំពេញការងារនៅអង្គភាពកងកិត្តិយស ត្រែទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំសិក្សារៀនសូត្រដុះខាត់ផ្នត់គំនិតនៅទីនោះបន្ថែមទៀត ដោយគោរពឱ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ ជាកងយោធពលខេមរភូមិន្ទដែលប្រសូតចេញពីប្រជាជន។ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរព ការពារដាច់ខាត រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈរាស្រ្ត នឹងត្រៀមខ្លួនបូជាលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិទឹកដី និងប្រជាជន ទោះស្ថិតក្នុងកាលៈទេសៈ និងតម្លៃណាក៏ដោយ៕