(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភានៃកម្ពុជា។
ក្នុងសារលិខិតអបអរសាទររបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោកជំទាវកិតិ្តសង្គហបណ្ឌិត រដ្ឋសភា នីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់ បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក»។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ ការដឹកនាំរដ្ឋសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៍សប្បាយ រុងរឿង និងប្រទេស ជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕