(កោះកុង)៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០១៦ នៅខេត្តកោះកុង បានកើតឡើង២ករណីផ្សេងគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានអ្នកស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង១០៖២៥នាទីយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានកោះកុងព្រែកកោះប៉ោ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយម៉ូតូបើកល្បឿនលឿនពេកហើយ ជ្រុលទៅបុករថយន្តដឹងទំនិញ​ ដែលបើកបរបញ្ច្រាសទិសគ្នា ពីលិចមកកើត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុឈ្មោះ ១-ឈ្មោះ សារ៉ាត់ ឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ។ ២-ឈ្មោះ ថា ជឿ រងរបួសធ្ងន ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ កម្មកររោងចក្រ ហើយអ្នកទាំងពីស្នាក់ផ្ទះជួលនៅភូមិនាងកុកឃំុបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។

ចំពោះរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅកន្លែង សមត្ថកិច្ចដើម្បីរង់ចាំការដោះស្រាយ។

ចំណែកជនរងរបួសធ្ងន់សមត្ថកិច្ច បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយអ្នកស្លាប់បានប្រគល់សាសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រណៃណី។

ករណីទី២រថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ច បានយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយ៕