(ភ្នំពេញ)៖ មុនពេលចូលកាន់តំណែងជាផ្លូវការ នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលតែងតែធ្វើសច្ចាប្រណិធានចំពោះព្រះភក្ត្រព្រះមហាក្សត្រ ព្រះភក្ត្រសម្ដេចព្រះសង្ឃរាជ និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ នៅក្នុងព្រះបរមរាជវាំងចតុម្មុខមង្គល។

ខាងក្រោមនេះជាពាក្យសច្ចាប្រណិធានរបស់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល ដែលសច្ចាចំពោះព្រះភក្ត្រព្រះមហាក្សត្រ សម្ដេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ មុនពេលចូលកាន់តំណែងជាផ្លូវការ៖

យើងខ្ញុំ នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល សូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ព្រះភក្ត្រសម្ដេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ៖

ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្មដែលប្រជារាស្ត្រកម្ពុជាបានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំសូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលបយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
* អធិបតេយ្យភាពជាតិពេញបរិបូរណ៍
* បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។

ទូលបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញតជាដាច់ខាតឱ្យជនណាមួយក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។

ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំនឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាំងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្ស។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជាជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប៕