(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿយ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៧ នឹងបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់។
តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះការបោះឆ្នោតជាកញ្ចប់ជ្រើសតាំងប្រធាន អនុប្រធាន នៃរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៧ នឹងបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា រដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តម លោកជំទាវ ដែលទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋគ្រប់រូបទាំងការអភិរក្ស និង
អភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះលោកជំទាវ ឯកឧត្តម សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ឯកឧត្តម ប្រធាន អនុប្រធាន នៃរដ្ឋសភា, ប្រធាន អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕