(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំជួលចិត្ត ស្រក់ទឹកភ្នែក នៅពេលសម្តេចនឹងដល់កំណើតដ៏កម្សត់ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានព្រាត់ប្រាសពីឪពុក ក្នុងពេលដែលកំពុងនៅក្នុងពោះម្តាយពពោះ ៧ខែ។

សម្តេចបញ្ជាក់ថា ទឹកភ្នែកដែលសម្តេចស្រក់នេះ មិនមែនជាការសម្តែងនោះទេ តែនៅពេលនិយាយដល់ការព្រាត់ប្រាសជាមួយប្រពន្ធកូន គឺសម្តេចមិនអាចទប់ទឹកភ្នែកបានឡើយ ព្រោះជាពេលដ៏ការលំបាករបស់សម្តេច ភរិយា និងកូន ហើយជាពិសេសពេល សម្តេចសម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សំឡេងធ្លាប់តែនិយាយឮខ្លាំង បែរជាធ្លាក់មកជាសំឡេងនិយាយខ្សាយៗ ភ្នែករលីងរលោង ទឹកភ្នែកក៏ស្រក់ចុះ តែខំប្រឹងទប់ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍របស់ខ្លួនពេលឃើញកូនប្រុស ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាថា «ក្នុងទឹកចិត្តឪពុកដែលធ្លាប់កម្សត់ កម្រជាមួយកូននេះ [ហ៊ុន ម៉ាណែត] កូននេះពិតជាកូនវេទនា ខ្ញុំព្រាត់ពីកូន តាំងកូនអាយុនៅនឹងក្នុងពោះម្តាយ ត្រឹមតែ៧ខែប៉ុណ្ណោះ។ ខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី បានចាក់ផ្សាយដល់វគ្គដែល ម៉ាណែត ធ្វើដំណើរមកទីក្រុងភ្នំពេញ មួយវគ្គនេះខ្ញុំយំរហូត ដោយសារកូនមួយនេះ វាកម្សត់ណាស់ កូនរបស់ខ្ញុំមួយនេះ បានកើនឡើងក្នុងស្ថានភាពមួយ​ ដែលស្ត្រីមេម៉ាយម្នាក់ ដែលមានឈ្មោះជាមេម៉ាយត្រូវចិញ្ចឹមកូននេះ។ ភរិយាខ្ញុំបាននិយាយទាំងទឹកភ្នែកថា ពេលឆ្លងសាឡាងអ្នកលឿង កូនរបស់ខ្ញុំឃើញគេស៉ីនំប៉័ង កូនឃ្លានណាស់ តែម្តាយអត់មានអ្វីដើម្បីនឹងទិញឱ្យកូនស៉ីនោះទេ។ ក្នុងឋានៈជាឪពុកនៅពេលបានជួបកូន កូនហៅពូ»

សម្តេចបន្តថា «មានឈ្មោះជាកូនក្បត់អង្គការតាំងពីចាប់កំណើត ជាមួយនឹងទឹកភ្នែកម្តាយ ឥឡូវគេបានក្លាយខ្លួនទៅជានាយករដ្ឋមន្ត្រី គេជាក្មេងកម្សត់ជាងគេក្នុងចំណោមកូនទាំង៥របស់ខ្ញុំ ប៉ុន្តែគេមិនធ្វើឱ្យខ្ញុំខកចិត្តទេ គេបានប្រឹងរៀន ដែលចំណេះដឹងរបស់គេគ្រប់គ្រាន់ល្មម ដើម្បីនឹងដឹកនាំប្រទេសកម្ពុជា។ នៅកម្ពុជា មានបណ្ឌិតច្រើន ក៏ប៉ុន្តែបណ្ឌិតបែប ហ៊ុន ម៉ាណែត មានមិនច្រើនទេ [...] ខ្ញុំសូមអរគុណភរិយារបស់ខ្ញុំ ដែលបានរក្សាឈាមមួយដំណក់នេះ ហើយគាត់ត្រូវទ្រាំទ្រនូវការលំបាកប៉ុណ្ណោះ ដើម្បីកូនមួយនេះ រស់រានមានជីវិត ហើយរហូតមកដល់ពេលនេះ គេមានលទ្ធភាពដើម្បីដឹកនាំប្រទេស»

សម្តេតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ជាថ្ងៃដែលសម្តេច និងភរិយា ព្រមទាំងកូនបានជួបគ្នាវិញ ដែលពេលនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហៅសម្តេចថា ពូ រយៈពេល២ខែ ទើបក្រោយមកបានហៅថា ពុកវិញ។

សម្តេចបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្កើតនូវមោទនភាពសម្រាប់សម្តេច ដែលបានយកជីវិតធ្វើដើមទុន និងយកក្បាលទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន និងសន្តិភាពរបស់ប្រទេស។ សម្តេចសង្ឃឹមថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងថែទាំនូវសមិទ្ធផលទាំងឡាយ និងសេចក្តីសុខរបស់ប្រជាជន៕