(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងមហាផ្ទៃស្រាវជ្រាវចំពោះជនដែលក្លែងបន្លំប្រើឈ្មោះសម្តេច នៅលើ Facebook និង TikTok។
ការប្រតិកម្មបែបនេះរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គម Facebook បានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេច ឆាតទាក់ទងទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យអ្នកដែលប្រើប្រាស់ឈ្មោះរបស់សម្តេច នៅលើ TikTok បញ្ឈប់ជាបន្ទាន់ កុំឱ្យសម្តេចប្រើប្រាស់វិធានការក្តៅ នៅពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាក់ជូនអ្នកក្លែងបន្លំហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន អ្នកបន្លំ TikTok ខ្ញុំទាំងប៉ុន្មាន សូមបញ្ឈប់ជាបន្ទាន់។ កុំឱ្យខ្ញុំប្រើវិធានការផ្លូវច្បាប់ […] សូមបញ្ឈប់ទៅការប្រើប្រាស់ឈ្មោះខ្ញុំ សូមស្នើឱ្យក្រសួងមហាផ្ទៃ ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការស្រាវជ្រាវហើយខ្ញុំ ស្នើឱ្យលុបជាបន្ទាន់ការប្រើឈ្មោះខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនលេងហ្វេសប៊ុកតទៅទៀតទេ ការដែល Admin យកផេកកន្លងទៅ ទៅប្រើប្រាស់ជារឿងរបស់ Admin។ ខណៈបច្ចុប្បន្នេះ គឺសម្តេចប្រើប្រាស់តែបណ្តាញសង្គម Telegram, WhatsApp, Instagram, និង Twitter ដើម្បីតាមដានសង្គមជាដើម៕