(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមានថវិកា ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនជូន លោក ស៊ឹម សៀត អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មានជំងឺធ្លាក់ពោះវៀន ២ឆ្នាំមកហើយ ទើបនឹងវះកាត់រួច និងមិនមានចំណូលទេ បានដង្ហើយហៅសប្បុរសជនឲ្យជួយ បច្ចុប្បន្នរស់នៅបន្ទប់ជួលជាន់ទី៤ នៃភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នាឱកាសនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ពិសេសអ្នកជំងឺជួបការលំបាក ដែលគ្មានលទ្ធភាពព្យាបាលជំងឺដូចជារូប លោក ស៊ឹម សៀត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានោះ លោកស្រី បានផ្តាំផ្ញើអ្នកជំងឺឲ្យខិតខំថែទាំសុខភាពឲ្យបានល្អ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ។

ជាកិច្ចឆ្លើយតប លោក ស៊ឹម សៀត និងភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារក្រីក្រ ដូចជារូបលោក ហើយថវិកាទាំងនេះ នឹងជួយដោះស្រាយការលំបាកយ៉ាងធំ ដែលមួយផ្នែកនឹងទូទាត់បំណុលចងការប្រាក់ពីគេចំនួន ៤៧០ដុល្លារសម្រាប់ថ្លៃវះកាត់ និងមួយផ្នែកសម្រាប់ព្យាបាលជំងឺបន្តទៀត​ រហូតជាសះស្បើយ៕