(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារចូលរួមអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋភិបាល ដើម្បីបន្ដដឹកនាំ និងកសាងប្រទេសជាតិបន្ដទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងសារបណ្ដាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបរាប់យ៉ាងដូច្នេះថា៖
«តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិ ជាសមាជិក សមាជិការាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាបន្តទៅទៀត ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃនយោបាយឈ្នះឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា។
ព្រឹត្តិការណ៍ដ៏មហាជោគជ័យនេះ ជាសក្ខីភាពថ្មីរបស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដឹកនាំវ័យក្មេង ដ៏ឆ្នើម ដែលពោរពេញទៅដោយសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងមានមនសិការស្នេហាជាតិខ្ពស់ ក្នុងការដឹកនាំ ប្រទេសប្រកបដោយគតិបណ្ឌិតខ្ពស់ និងសក្តានុពលដ៏ខ្លាំងក្លាបំផុត ទាំងផ្នែកនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។
ខ្ញុំសូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ សូម ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ សូមទទួលបានជោគជ័យជាបន្តទៀត និងសូមគោរពជូនពរ លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕