(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ចាប់ពីយប់នេះទៅ សម្តេចអាចចូលដំណេក មុនម៉ោង១២យប់ហើយ ខណៈកន្លងទៅសម្តេច មិនដែលបានចូលដំណេក មុនម៉ោង១២យប់នោះទេ។

ការឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា រៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារនៅនីតិបញ្ញត្ដិ ឬការងារគណបក្សក្ដី មិនរវល់ដូចការងារ ដែលខ្ញុំធ្វើក្នុងរយៈពេលកន្លងទៅ [...] ខ្ញុំមិនដែលបានដេក មុនម៉ោង១២នោះទេ តែពីពេលនេះទៅ ខ្ញុំអាចដេកមុនម៉ោង១២ ចាប់ពីយប់នេះទៅ»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទាក់ទិនជាមួយនឹងបញ្ហាការងារ ពិតមែនតែសម្ដេច បានចាកចេញពីនីតិប្រតិបត្ដិ តែសម្ដេចមិនទាន់ចូលនិវត្ដន៍ ខាងនយោបាយនៅឡើយទេ សម្ដេចនៅតែបន្ដ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខណៈបច្ចុប្បន្ន ជាសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កិច្ចការធំ ដែលសម្ដេចនឹងបន្ដធ្វើទៅទៀត គឺការសរសេរនូវអ្វី ដែលជារឿងបានកើតឡើង ដែលយើងបានដឹង ព្រោះថា សម្ដេចមិនចង់ស្លាប់ ហើយយកទៅជាមួយនឹងអាថ៌កំបាំងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមានរួចស្រេចទៅហើយ នូវវីដេអូនិយាយចំនួន៤០ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ ប៉ុន្ដែមានផ្នែកខ្លះ ដែលយកវាមកលម្អិត ដូច្នេះសម្ដេចត្រូវធ្វើការងារ ទាក់ទងនឹងការចងក្រងឯកសារ ទាក់ទងជាមួយនឹងរឿងរ៉ាវរិវត្ដន៍ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ និងបន្ដទៅទៀត ដែលសម្ដេចត្រូវធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «គ្មានអ្នកណាស្គាល់ខ្ញុំ និងស្គាល់ការងារខ្ញុំ ជាងខ្ញុំនោះទេ ដូច្នេះខ្ញុំមានភារកិច្ច ដែលត្រូវធ្វើកិច្ចការងារនោះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ អាចដឹងបានអំពីវិធីសាស្ដ្រដឹកនាំ និងធ្វើការងារ»