(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលរបស់លោក បានដេញបង្ក្រាបករណីចាប់ជំរិតជនជាតិចិនមួយករណី នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីផ្លូវរង្វង់មូលតោ២ ទៅកាន់ឆ្នេរអូរត្រិះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ការបង្ក្រាបនេះ កម្លាំងនគរ​បាលរបស់លោកចាប់បានជនសង្ស័យចំនួន៣នាក់ ជនជាតិចិន និងរំដោះបានជនរងគ្រោះជាចិនដូចគ្នាចំនួន ៣នាក់ផងដែរ។

លោកឧត្តមសេនីយ៍ទៅស្នងការ បានបញ្ជាក់ទៀតថា ការបង្ក្រាបករណីចាប់ជំរិតនេះ ជនសង្ស័យក៏បានផ្ទុះអាវុធទៀតផង។ ក្រៅពីការចា​ប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានដកហូតកាំភ្លើង១ដើម និងរថយន្តចំនួន២គ្រឿងផងដែរ។

នៅពេលនេះកម្លាំងនគរ​បាលកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់បក្ខពួកនៅដែលសេសល់៕