(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកដែលរិះគន់ថា សម្តេចទោះបីជាមិនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តកាន់អំណាចនោះ ជាការវិភាគ ឬលើកឡើងដោយភាពល្ងង់ខ្លៅ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មានការធ្វើអត្ថាធិប្បាយខ្លះថា ហ៊ុន សែន ផ្ទេរតែតំណែងទេ ក៏ប៉ុន្តែមិនផ្ទេរអំណាច នោះជាការអត្ថាធិប្បាយដោយភាពល្ងិតល្ងង់ របស់អ្នកមិនចង់យល់ ឬអាចនិយាយបានថា ចំណេះដឹងទាបពេក។ អំណាចវាផ្សារភ្ជាប់នឹងមុខតំណែង ខ្ញុំគួរតែបង្រៀននូវអ្នកធ្វើអត្ថាធិប្បាយបែបនេះ តើសមាជិកសភាអនុញ្ញាតឲ្យចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ? តើប្រធានគណបក្សនយោបាយកាន់អំណាច គឺអនុញ្ញាត ឲ្យមានការផ្ទេរអំណាច ឲ្យមានការចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីទេ?»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយជាង ៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល ៣៨ឆ្នាំមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ អ្នកដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេ គឺសម្តេចតែម្តង។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារួច។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភា នឹងត្រូវកំណត់មិនឱ្យមានអាយុលើសពី ៧៤ឆ្នាំ ខណៈដែលសម្តេចនឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា ត្រឹម ១អាណត្តិប៉ុណ្ណោះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការណ៍ដែលសម្តេចតេជោ ប្រញាប់ប្រញាល់លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ៕