(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ ដែលបានគាំទ្រនយោបាយជាង ៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេលជាង ៣៨ឆ្នាំមកនេះ។

ការថ្លែងនូវសារអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងជនរួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញពីមនោសញ្ចេតនាក្នុងការដឹកនាំប្រទេសអស់ជាង៣៨ឆ្នាំ ដល់សាធារណជន។ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ នាវិមានរដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាវជ្រៅចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈ ក៏ដូចជាហ្លូងម៉ែ ដែលព្រះអង្គតែងតែផ្តល់នូវការគាំទ្រចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ...»។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សហការី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងរយៈពេលកន្លងទៅនេះដើម្បីរួមចំណែក និងជួយជំរុញការអនុវត្តគោលនយោបាយដែលបានដាក់ចេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្តល់នូវការគាំទ្រក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅលើពិភពលោកនេះអ្នកដែលកាន់អំណាចយូរជាងគេ គឺខ្លួនសម្តេចនេះឯង។ ហើយបើគិតពីពេលវេលាដែលសម្តេចធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមមដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺសម្តេចបានធ្វើជានាយករដ្ឋមន្ត្រីបានចំនួន ២,០១៤សប្តាហ៍ គិតជាថ្ងៃមានចំនួន ១៤,០៩៩ថ្ងៃ គិតជាខែមានចំនួន ៤៦៣ខែ គិតជាឆ្នាំ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។

រយៈពេល ៣៨ឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកាន់ចង្កូតនាវាកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្តារ និងនាំប្រទេសដ៏កម្សត់មួយនេះឆ្ពោះមកកាន់ទំព័រសករាជថ្មី ដែលមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ កសាងនូវកិត្តិយស កិត្តិនាមពោរពេញដោយមោទនភាព និងក្តីសង្ឃឹមសម្រាប់វឌ្ឍនភាព និងការរីកចម្រើន។

តាមរយៈសារនយោបាយនានា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកំពុងកំណត់គោលដៅរបស់ខ្លួនរុញនាវាកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈគម្រោងវិនិយោគធំៗជាមួយទុនរាប់ពាន់លានដុល្លារជាច្រើន កំពុងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន៕