(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានប្រកាសនៅតែបន្តពង្រឹងមេធាវីស្ម័គ្រចិត្តរបស់សម្តេច ដើម្បីការពារក្តីជូនជនក្រីក្រ ដែលមានលោក គី តិច ជាប្រធានដដែល។
ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបន្តពង្រឹង រៀបចំក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្ញុំ ដើម្បីការពារក្តីជូនអ្នកក្រីក្រតទៅទៀត។ ឥលូវ ឯកឧត្តម គី តិច មេធាវីរបស់ខ្ញុំ និងជាប្រធានមេធាវីរបស់ខ្ញុំ មិនបំពេញតួនាទីជាមេធាវីទៀតទេ ព្រោះមានវិសមភាព ប៉ុន្តែគាត់នឹងបន្តដឹកនាំក្រុមមេធាវីបន្តទៀត»។
បើតាមប្រសាសន៍សម្តេចតេជោ នេះជាកិច្ចការដែលសម្តេចត្រូវធ្វើបន្ត ក្រោយមិនកាន់តំណែងជានាយករដ្ឋមន្ត្រី។ និយាយរួមមក គ្រាន់តែសម្តេចមិនធ្វើកិច្ចការនីតិប្រតិបត្តិ បញ្ជាលើកម្លាំងប្រដាប់អាវុធ បញ្ជាលើរដ្ឋបាលស៉ីវិល តែប៉ុណ្ណោះ ប៉ុន្តែការងារក្រៅពីនោះ គឺសម្តេចរក្សាទាំងអស់។
សូមបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួនសរុប ១៣៧រូប ដោយរាយតាមគ្រប់បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ក្រុមមេធាវីស្ម័គ្រចិត្តនេះ ត្រូវបានផ្តួចផ្តើមបង្កើត ដោយប្រើប្រាស់ថវិកាផ្ទាល់របស់សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
បច្ចុប្បន្នក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កំពុងតែទទួលបាននូវការគាំទ្រ និងផ្តល់ជំនឿជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការរំលោភបំពាន និងទទួលរងនូវអំពើអយុត្តិធម៌៕