(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានណែនាំចៅសង្កាត់ និងមន្ត្រីជំនាញ ត្រូវមានវិធានការទប់ស្កាត់ ការសាងសង់សំណង់ថ្មី នៅតាមមាត់ទន្លេបាសាក់ ក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់ព្រែកថ្មី។

ការដាក់វិធានការទប់ស្កាត់សំណង់ថ្មីនេះរបស់លោក ចេង មុនីរ៉ា ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក​​ លោកស្រីចៅសង្កាត់​ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការ៤ចំណុចដើម្បីអនុវត្តបន្ត៖

*ទី១៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូន ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត ឲ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

*ទី២៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ថែមទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ និងកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលបានធ្វើជាមួយអាជ្ញាធ ជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់ខេត្តកណ្តាល ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់ និងតាបណ្តោយផ្លូវជាតិលេខ១ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ។

*ទី៣៖ ទប់ស្កាត់សំណង់ថ្មីៗ តាមបណ្តោយទន្លេបាសាក់ជាពិសេសក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់ព្រែកថ្មី។

*ទី៤៖ ត្រូវយកចិត្តទុកដាកក្នុងការបំរើ សេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់។

ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌ បានកោតសរសើរដល់កងកម្លាំងទាំងអស់ របស់គណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ បានសហការគ្នាល្អ ក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ៕