(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរជូនលោកជំទាវក្នុងឱកាសដែលរដ្ឋសភា បានអនុម័តគាំទ្រឱ្យទទួលតំណែងជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧

តាមរយៈសារថ្លែងអំណរគុណ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងយ៉ាងដូច្នេះថា៖ «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបានលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យ ក្នុងឱកាសដែលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានបោះឆ្នោតជ្រើសតាំងនាងខ្ញុំជាប្រធានរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា។

នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុមនុស្សធម៌ និងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយចីរភាព ជាដរាបតទៅ។

ជាថ្មីម្តងទៀត សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ»៕