(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនជនជាតិវៀតណាម៨នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ២១៖៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ២០៖៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចកាស៊ីណូក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងចំណុចបន្ទប់ជួលលេខ១០០២ ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបានចំនួន៨ នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួនធំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣០ កញ្ចប់មានទម្ងន់៤១.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់)៖
*ម្សៅម៉ត់ពណ៌សចំនួន ០៦ កញ្ចប់ មានទម្ងន់ ១៣.៣០ក្រាម (គិតទាំងសំបកវេចខ្ចប់)
*ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ១៧ គ្រាប់ មានទម្ងន់ ៨.៩០ ក្រាម (គិតទាំងសំបកវេចខ្ចប់)
*ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ០៤ គ្រាប់ មានទម្ងន់១.៦០ក្រាម (គិតទាំងសំបកវេចខ្ចប់)
*ម្សៅក្រាមរឹងពណ៌ផ្ទៃមេឃចំនួន ០១ កញ្ចប់ មានទម្ងន់ ៣.៧០ក្រាម(គិតទាំងសំបកវេចខ្ចប់)
*ទូរស័ព្ទដៃចំនួន១២ គ្រឿង
*ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង
*លិខិតឆ្លងដែនចំនួន ០២ ក្បាល
*ម៉ូតូចំនួន ០២ គ្រឿង ម៉ាកVISIOV ស្លាកលេខ70-CI245.46 លេខតួRIHJF5810GX217444
*សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
*អត្តសញ្ញាណប័ណ្ណវៀតណាម ចំនួន២សន្លឹក
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធីច្បាប់៕