(តួកគី)៖ តុលាការមួយនាទីក្រុង Istanbul បានចេញដីកាតាមចាប់ខ្លួន លើរូបបុព្វជិត Fethullah Gulen ដោយចោទប្រកាន់ថា ជាអ្នកដឹកនាំធ្វើ រដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ នៅប្រទេសតួកគី នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី៥ ខែសីហានេះ។​

តុលាការដំបូងនៃទីក្រុង Istanbul បានសម្រេចចេញដីកាចាប់ខ្លួន មេខ្លោងលោក Gulen ដោយនេះគឺជាការចេញដីកាលើកដំបូង ប្រឆាំងនឹងបុព្វជិតសាសនាឥស្លាមរូបនេះ ដែលកំពុងរស់នៅ​សហរដ្ឋអាមេរិក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។

តុលាការបានលើកឡើងថា ការរៀបចំរបស់បុព្វជិត Gulen ដែលបានជ្រាបចូលទៅក្នុងស្ថាប័នកងកម្លាំងប្រដាប់អាវុធតួកគី នៅទីក្រុងសំខាន់ៗជាច្រើន មានគោលបំណងផ្តូលរំលំស្ថាប័នរដ្ឋ និងស្ថាប័នសន្តិសុខ ដោយផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។​

តុលាការបន្តថា ការស៊ើបអង្កេតមួយបានធ្វើឡើង ទៅលើរូបបុព្វជិត Gulen ដោយឈរនៅលើមូលដ្ឋានច្បាប់​។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ គឺជាសកម្មភាពរៀបចំ ហើយបានធ្វើឡើងដោយស្ថាបនិករបស់ខ្លួន គឺជនសង្ស័យ Fethullah Gulen។

បុព្វជិត Fethullah Gulen ក៏ត្រូវបានចោទប្រកាន់ពីបទ កំពុងអនុវត្តយុទ្ធនាការរយៈពេលយូរ ដើម្បីផ្តួលរំលំប្រទេស តាមរយៈការជ្រែតចូលទៅក្នុង ស្ថាប័នរបស់តួកគី ជាពិសេសស្ថាប័នយោធា, ប៉ូលិស និងតុលាការ និងកំពុងបង្កើតនូវអ្វីដែលធម្មតាគេស្គាល់ថាជា «រដ្ឋ»៕