(ស្ទឹងត្រែង)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំ ឆមាសទី១ ជាមួយបណ្តាញការងារយេនឌ័រថ្នាក់ខេត្ត ក្នុងគោលបំណងឆ្លុះបញ្ចាំងពីលទ្ធផលក្នុងការអនុវត្តសកម្មភាព លើកកម្ពស់សមភាពយេនឌ័រ ការបង្កើនឋានៈតួនាទីរបស់ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច និងពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍អំពីបញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តសម្រាប់ការអនុវត្តតួនាទីរបស់ មន្ត្រីបង្គោលឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងមន្ត្រីបង្គោលតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកស្រី សន សុខា បានសម្តែងការកោតសរសើរចំពោះមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដែលមានកិច្ចសហការល្អ ជាមួយស្ថាប័នដែលពាក់ព័ន្ធ ក្នុងការជួយពង្រឹងសមត្ថភាពដល់ស្ត្រីនៅតាមស្ថាប័ន និងនៅតាមមូលដ្ឋានឲ្យយល់កាន់តែច្បាស់ពីសិទ្ធិ ឱកាស និងការទទួលបាននូវការស្វាគមន៍ក្នុងកាធ្វើសេចក្តីសម្រេចចិត្តនានា ទាំងនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ។
ជាក់ស្តែងកន្លងមកសង្កេតឃើញថា ចំនួនស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័ន អង្គភាព ក្នុងខេត្តស្ទឹងត្រែង គឺមានការប្រែប្រួលច្រើនតាំងពីថ្នាក់ខេត្ត ក្រុង ស្រុក និងថ្នាក់មូលដ្ឋាន ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនឲ្យមានចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ទើបធ្វើឲ្យសង្គមមានការរីកចម្រើន។
លោកស្រីប្រធាមន្ទីរ បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ និងផ្តល់ឱកាសការងារដល់ស្ត្រី ចូលរួមពង្រឹងសមត្ថភាពតាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់ពួកគាត់ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រទាំងក្នុងស្ថាប័ន និងបញ្រ្ជាបដល់មូលដ្ឋានផងដែរ។
លោកស្រី សន សុខា ក៏បានបង្ហាញពីសមិទ្ធិផលសម្រេចបានរបស់មន្ទីរកិច្ចកានារីប្រចាំឆមាសទី១ ដែលឆ្លើយតបការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីជួយស្ត្រី និងក្មេងស្រីក្នុងខេត្តស្ទឹងត្រែង ឲ្យទទួលបានឱកាស សិទ្ធិអំណាច និងការទទួលបានផលប្រយោជន៍ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ក្នុងនោះមន្ទីរបានផ្តោតទៅលើវិស័យ ការផ្តល់ភាពអង់អាចផែ្នកសេដ្ឋកិច្ចដល់ស្ត្រី វិស័យសុខភាព វិស័យសេវាសង្គម និងកិច្ចគាំពារសង្គម វិស័យការពារផ្លូវច្បាប់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងវិស័យសាធារណៈ និងនយោបាយ ហើយការអនុវត្តគឺស្របតាមផែនការក្រសួងកិច្ចការនារី និងផែនការអភិវឌ្ឍខេត្តផងដែរ៕