(បន្ទាយមានជ័យ)៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ពិធីនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, ស្នងការរងទាំងអស់, នាយការិយាល័យទាំង៣១, អធិការនគរបាល ស្រុក ក្រុងទាំង៩, មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ដោយគោរពអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហិង្សា ការគម្រាមកំហែងនោះឡើយ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ដែលឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហិង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ។
លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានបញ្ជាក់ថា ការចុះធ្វើសវនកម្មនេះ ក្នុងគោលបំណងទី១៖ ដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង៩ និងវរសេនាតូច ការពារព្រំដែនគោកទាំង៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែម ឬបន្ថយ, ទី២៖ បញ្ហាហិរញ្ញវត្ថុ និងទី៣៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ៕