(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការប្រកាសសុពលភាព ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភារួចរាល់ហើយនោះ តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥អង្គ/រូប នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក៏បានយាង និងអញ្ជើញធ្វើពិធីសច្ចាប្រណិធានរួចហើយដែរ នៅក្នុងព្រះបរមរាជវាំង ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។
ពិធីសច្ចាប្រណិធាននេះ រៀបចំធ្វើឡើងនៅប្រាសាទព្រះទេវាវិនិច្ឆ័យ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។
នៅក្នុងពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរគណៈរួមមាន៖ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការដឹកនាំធ្វើពិធីកម្មនានា ពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ បានអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា។
ខាងក្រោមនេះ គឺជាពាក្យពេចន៍សច្ចាប្រណិធាន ដែលតំណាងរាស្ត្រទាំងអស់ បានអានតាមសម្តេចព្រះសង្ឃរាជ មុននឹងផឹកទឹកពិភទ្ធសច្ចា៖
ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រ នៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ៖
- ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំ យើងខ្ញុំគ្រប់រូប ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា។ ទូលព្រះបង្គំ យើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬ សម្រាប់ គ្រួសារ ឬ សម្រាប់ បក្សពួក ឬ សម្រាប់ភាគីរៀងៗខ្លួនឡើយ។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
* អធិបតេយ្យភាពជាតិ ពេញបរិបូរណ៍
* បូរណភាព ទឹកដី ដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែន ដីគោក និងព្រំដែន សមុទ្រ ដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ ណាមួយឡើយ។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទែ ក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ កម្ពុជាបានឡើយ។ ទូលព្រះបង្គំ យើងខ្ញុំ មិនបម្រើជាដាច់ខាតនូវប្រយោជន៍ បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជាឡើយ។
- ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំ យើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំង និងការរំលោភ ឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំង មានការគោរពយ៉ាងម៉ឹងម៉ាត់ ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្ស។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទី ស្នេហា នៃទូលព្រះបង្គំ យើងខ្ញុំ គ្រប់រូប។
ពិធីសច្ចាប្រណិធាននេះ គឺជាការបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៕