(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា សមត្ថកិច្ចកម្ពុជា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ តាមចាប់ឧក្រិដ្ឋជនពាក់ព័ន្ធក្នុងករណីរំដោះអ្នកទោស នៅសៀមរាប កាលពីសប្តាហ៍មុន។
ជាមួយនឹងការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សារព័ត៌មាន និងសាធារណជនរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចជោគជ័យ បិទបញ្ចប់សំណុំរឿងនេះ ក្នុងពេលឆាប់ៗ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចយើង កំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឧក្រិដ្ឋជន ដែលពាក់ព័ន្ធដើម្បីផ្តន្ទាទោសតាមច្បាប់។ យើងស្នើឱ្យសារព័ត៌មាន និងសាធារណជន រក្សាភាពស្ងប់ស្ងាត់ និងទុកពេលវេលាឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅដល់ការបញ្ចប់សំណុំរឿងនេះដោយជោគជ័យ»។
កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជាមេក្លោងជួញដូរគ្រឿងញៀន ជនជាតិចិនម្នាក់ នៅពេលដែលមន្ដ្រីពន្ធនាគារបញ្ជូនរូបគេទៅព្យាបាលធ្មេញ នៅគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មេក្លោងគ្រឿងញៀនម្នាក់នោះមានឈ្មោះ Chen Hsin Han ដែលត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយដែលកន្លងទៅ មេឧក្រិដ្ឋជននោះ ធ្លាប់បញ្ជាឲ្យមានជួញដូរគ្រឿងញៀនចេញពីពន្ធនាគារថែមទៀត។
បន្ទាប់ពីកើតឡើងហេតុការណ៍នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនចំនួន៧នាក់ នៅរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងករណីរំដោះមេក្លោងជួញដូរគ្រឿងញៀននេះ។
ឧក្រិដ្ឋជនចំនួន៧នាក់នោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៉ីឈ្នួល ដើម្បីធ្វើសកម្មភាព ហើយកម្លាំងសម្ថកិច្ចបានកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជនផ្សេងៗទៀតរួចរាល់អស់ហើយ និងកំពុងបន្តតាមចាប់។
បើតាមសត្ថកិច្ច ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ៕