Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះកំប៉ុងហ្គាស ឆាបឆេះផ្ទះបណ្តែតទឹកប្រជាពលរដ្ឋ នៅឃុំកំពង់លួង រងរបួសស្រាលម្នាក់

06-08-2016 07:42

(ពោធិ៍សាត់)៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋសង់បណ្តែតនៅលើទឹក ដែលប្រកបរបរលក់ចាបហួយ និងសាំង បណ្តាលឲ្យរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន នៅម៉ោង៦៖០៥នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគ្រួសារជនរងគ្រោះកំពុងចំអិនម្ហូបទទួលទានជួបជុំគ្រួសារ ស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យឆាបឆេះ ទៅដល់កាដុងប្រេងសាំង និងប្រេងម៉ាស៊ូត ដាក់លក់នៅជិតនោះចំនួន ១០កានតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះអស់ទាំងស្រុងនោះ សង់បណ្តែតនៅលើទឹក ជញ្ជាំងក្តារ ប្រក់ស័ង្កសី មានទំហំ១២x៥ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះ ឆាង ម៉ៅ ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ប្រកបរបរលក់ចាបហួយ និងសាំង បណ្តាលឲ្យរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន អង្ករ ១០ការ៉ុង ស្មើនឹង ៥០០គីឡូក្រាម ទូរទស្សន៍ ០១គ្រឿង ផ្ទាំងសូឡា ០១គ្រឿង ទូដាក់ខោអាវ ០១ លុយដុល្លារ ១០០០ដុល្លារ លុយខ្មែរ ២០០០០០រៀល និងសម្ភារៈលក់ចាប់ហួយ ដែលមានក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ជាង ១០លានរៀល៕