(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជន «ស្ពានមង្គល» ក្រោយធ្វើឲ្យអ្នកជំងឺម្នាក់ស្លាប់។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានពិនិត្យស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយពីបានបញ្ជូនពីមន្ទីរសម្រាកព្យាបាល ស្ពានមង្គល ដោយរថយន្តគិលានសង្គ្រោះទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦៖៣០ នាទី ព្រឹក និងបានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល បានណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕