(ភ្នំពេញ)៖ «វចនានុក្រមខ្មែរ» ដែលផ្សំពីវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត និងបន្ថែមពាក្យថ្មីៗ រៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្សព្វផ្សាយជាផ្លូវការក្នុងពេលឆាប់ៗនេះ ក្រោមការគាំទ្រឲ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាល។ ជាសក្ខីភាព ដើម្បីផលិតវចនានុក្រមខ្មែរនេះឡើង គឺត្រូវការឆ្លងកាត់ការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងជាច្រើនដំណាក់កាល ដោយមានការចូលរួមពីឥស្សរជន បណ្ឌិតសភាចារ្យ បណ្ឌិត និងមន្រ្តីបច្ចេកទេស មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់មកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះថា វចនានុក្រមខ្មែរមួយនេះ នឹងចេញពីរោងពុម្ភ នៅខែកញ្ញា ឆ្នាំ២០២៣។ វាមានពាក្យសរុបចំនួន ៤៤៦៩៧ពាក្យ និងមានមេពាក្យចំនួន ៣១០៧៣ពាក្យ ប្រៀបធៀបនឹងវចនានុក្រម សម្តេចព្រះមហាសង្ឃរាជ ជួន ណាត មាន ១៨០០០ពាក្យ។
បើលោកបណ្ឌិត យង់ ពៅ, កន្លងមកដោយសារវចនានុក្រម ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មមួយនេះ មិនទាន់ចេញជារូបរាងជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យប្រើប្រាស់វចនានុក្រម សម្តេច ជួន ណាត សិន ប៉ុន្តែពេលនេះក្រោយយកវចនានុក្រម សម្តេច ជួន ណាត បូកថែមជាមួយពាក្យថ្មី «វចនានុក្រមខ្មែរ» នឹងក្លាយជាវចនានុក្រមគោលវិញម្តង។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ទៀតថា «វចនានុក្រមថ្មីនេះ គឺជានយោបាយរបស់រាជរដ្ឋាភិបាល ដែលឲ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ តាក់តែងឡើង ដោយប្រមូលផ្តុំបញ្ញាជនជាតិទាំងអស់គ្រប់ស្ថាប័ន ដែលមានជំនាញពាក់ព័ន្ធនឹងពាក្យរបស់ខ្លួន ចូលរួមធ្វើវចនានុក្រមនេះ។ យើងធ្វើរយៈពេល ៤ឆ្នាំ ដោយប្រមូលផ្តុំបញ្ញាជន»។
ជាងនេះទៅទៀត ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ និងបានបង្កើតជាទម្រង់សុសវែរ ដែលអាចប្រើប្រាស់បាន នៅក្នុងទូរសព្ទវ័យឆ្លាតប្រព័ន្ធ IOS និង Android ហើយប្រើបានទាំងលើកុំព្យូទ័រទៀត។ នេះបើតាមលោកបណ្ឌិត៕