(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការប្រកាសសុពលភាព ក្នុងសម័យប្រជុំ​លើកទី១​ នៃរដ្ឋសភារួចរាល់ហើយនោះ តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥អង្គ/រូប នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក៏បានយាង និងអញ្ជើញធ្វើពិធីសច្ចាប្រណិធានរួចហើយដែរ នៅក្នុងព្រះបរមរាជវាំង ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។

ពិធីសច្ចាប្រណិធាននេះ រៀបចំធ្វើឡើងនៅប្រាសាទព្រះទេវាវិនិច្ឆ័យ ក្រោមព្រះរាជ​អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។

នៅក្នុងពិធីនេះ ក៏មានការយាងចូលរួមពីសំណាកសម្តេចព្រះសង្ឃរាជទាំងពីរ​គណៈរួមមាន៖ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហា​សង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការដឹកនាំធ្វើពិធី​កម្មនានា ពីសំណាក់លោកតាអាចារ្យហើយនោះ សម្តេចព្រះសង្ឃរាជមួយអង្គ បានអានពាក្យពេចន៍សច្ចាប្រណិធាន ហើយតំណាងរាស្ត្រទាំងអស់ថាតាម។ បន្ទាប់ពីបានអាននូវពាក្យពេចន៍សច្ចាប្រណិធានហើយនោះ តំណាងរាស្ត្រទាំងអស់ ក៏នាំគ្នាផឹកទឹកពិភទ្ទសច្ចា៕