(ភ្នំពេញ)៖ លោកបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំ កាយ និងកីឡា។
បន្ថែមពីនោះទៀត លោកបណ្ឌិត ស សុខា បានបន្ដថា វិស័យអប់រំកាយ និងកីឡា នឹងបន្តទទួលនូវការប្រកួតកម្រិតអន្តរជាតិនានា ដែលជាក្តីសង្ឃឹមសម្រាប់ប្អូនៗ ក្មួយៗទាំងអស់គ្នា ទទួលបាននូវឱកាសជាកីឡាករ-កីឡាការិនី តំណាងឲ្យជាតិ មានឱកាសកសាងកិត្តិយសជូនជាតិ នាពេលអនាគត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ស សុខា ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
លោកបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានបញ្ចប់ដោយជោគជ័យ ពិសេសបានឃើញក្មួយៗជាកុមារា កុមារី និងកីឡាករ កីឡាការិនីថ្នាលរបស់យើង ឆ្លងកាត់នូវការប្រកួតជាលក្ខណៈបច្ចេកទេស ស្តង់ដារ ដែលការប្រកួតនេះ៖
ទី១៖ ក្មួយៗបានវាស់ស្ទង់នូវសិទ្ធផលជាក់លាក់ និងពិតប្រាកដ ដែលវិនិច្ឆ័យដោយមន្ត្រីបច្ចេកទេសរបស់យើង
ទី២៖ ក្មួយៗបានឆ្លងកាត់ការប្រកួតមួយ ដែលមានបទបញ្ជាច្បាស់លាស់ សម្រាប់ការប្រកួតជាលក្ខណៈជាតិ និងអន្តជាតិ។
លោកបណ្ឌិត បានបញ្ជាក់ថា សកម្មភាពអប់រំកាយ និងកីឡា ត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានលើកកម្ពស់ទូទាំងសកលលោក ព្រោះវិស័យនេះ បានផ្តល់ឲ្យនូវបំណិនជីវិត ជាពិសេសបានផ្តល់ឲ្យមនុស្សជាតិ មានសុខភាពល្អ ក្នុងការកសាងប្រទេសជាតិ ដែលអាចនិយាយបានថា (ខួរក្បាល ឬបញ្ញាញាណល្អ វាស្ថិតនៅលើមនុស្ស ដែលមានសុខភាពល្អ និងកាយសម្បទាមាំមួន តែប៉ុណ្ណោះ)។
លោកបណ្ឌិត ស សុខា បានបន្តទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ ផ្តល់ឱកាសឲ្យយុវជនបានកសាងសមត្ថភាព ដែលអាចឈានទៅជាវិជ្ជាជីវៈ សម្រាប់ខ្លួនផ្ទាល់ និងជាពិសេសឲ្យយុវជន ប្រជាពលរដ្ឋទូទៅ ងាកផុតពីអំពើអបាយមុខ ក៏ដូចជាអំពើអវិជ្ជមាននានា ដែលជាគ្រោះមហន្តរាយដល់សហគមន៍ និងប្រជាជាតិទាំងមូល៕