(ភ្នំពេញ)៖ មហាវិថីសំរោង ប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំ នៅតំបន់ស្ពានព្រែកព្នៅតែម្តង។ ពិធីសម្ពោធនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានអះអាងថា មហាវិថីសំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ មហាវិថីនេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ១៣០ត្រង់ផ្លូវ ទំនប់កប់ស្រូវ ដែលជាផ្លូវក្រវាត់ក្រុងទី៣ និងជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅ ទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។

លោក ឃួង ស្រេង បានបន្តទៀតថា វិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកជាប្រយោជន៍សាធារណៈ បានធ្វើដំណើរបានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ ដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ មានភាពធូរធារ។

លោកបន្តថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាំឲ្យប្រទេសជាតិមានសន្តិភាព ពេញផ្ទៃប្រទេស ដែលបានធ្វើឲ្យអ្នកវិនិយោគទុន និងប្រជាពលរដ្ឋមានភាពរីករាយ និងជឿទុកចិត្ត។ នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាងវិស័យឯកជន និងរដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើនឡើង។

សូមជម្រាបថា មហាវិថីសំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប៥,២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមានគន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ។

ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង២០,៤១២ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន១,៣៦៤ដើម៕