(វ៉ាស៊ីនតោន)៖ គណបក្សសាធារណរដ្ឋ មិនដែលមានស្ត្រី នៅក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្លួននោះឡើយ ប៉ុន្តែលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សនេះ បានអះអាងថា លោកនឹងលើក កូនស្រីខ្លួនឯងគឺនាង Ivanka Trump ឲ្យកាន់ការក្នុងគណរដ្ឋមន្ត្រីថ្មី ដែលមានលោកជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាយប់ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

ឆ្លើយតបចំពោះសំនួរថា តើស្ត្រីរូបណានឹងក្លាយជាសមាជិកគណៈរដ្ឋមន្ត្រី របស់លោកដំបូងនោះ? លោក Trump បានឆ្លើយថា «ប្រាកដណាស់ មានមនុស្សប្លែកៗ គ្នាជាច្រើនដែលខ្ញុំត្រូវជ្រើសរើស ហើយខ្ញុំអាចប្រាប់គ្រប់គ្នាថា.. ដាក់ Ivanka ចូលទៅចុះ! អ្នកបានដឹងនាងហើយ ពិតមែនទេ? នាងពិតជា អស្ចារ្យណាស់! នាងក៏បានធ្វើការងារយ៉ាងល្អណាស់ដែរ ហើយគ្រប់គ្នាក៏ស្គាល់នាងច្បាស់ថែមទៀត»។

យ៉ាងណាក៏ដោយ វាក៏អាចជាការលេងសើចរបស់លោក Trump ផងដែរនៅក្នុងបទសម្ភាសន៍មួយលើ វេទិកានៃរដ្ឋផ្លូរីដា ខណៈដែលពិធីករនាង Angelia Savage របស់កម្មវិធី First Coast News បានសួរ សំនួរខាងលើនេះទៅលោក Trump។ បន្ទាប់ពីការឆ្លើយថា នឹងដាក់កូនស្រីលោក ចូលគណៈរដ្ឋមន្ត្រីថ្មីនោះ លោក Trump មិនបានបញ្ជាក់ថាស្ត្រីរូបណាក្នុងជួរគណបក្សសាធារណរដ្ឋ ដែលសក្តិសមនឹងតំណែងដែលមិនធ្លាប់មាននេះទេ៕