(ភ្នំពេញ)៖ ក្នុងពីធីកម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកា ដើម្បីអភិរក្សដំរីខ្មែរ នាពេលកន្លងទៅ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមដំរីអៃរាវត្តា បានគោរពថ្លែងអំណរព្រះរាជគុណដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង សម្តចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុសរសជននា នាចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុក នៅរតនគិរី។
អ្នកស្រី ខៃ ចិន្តា បានលើកឡើងថា រាត្រីសមោសរនេះ បានរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីបន្តការអភិរក្សសត្វដំរី។
អ្នកស្រីចិន្តាថា ពីមួយឆ្នាំទៅមួយឆ្នាំ សមាគមទទួលបានការគាំទ្រពីសប្បុរសជនកាន់តែច្រើន ក្នុងការចូលរួមជួយសង្រ្គោះដំរីស្រុក នៅខេត្តរតនគិរី ដែលជិតផុតពូជ។
ថវិកាដែលប្រមូលបានសមាគមយកទៅប្រើប្រាស់ក្នុងការអភិរក្សសត្វដំរី ការបង្កាត់ពូជ ការដាំដើមឈើ ដើម្បី ផ្ដល់ជាជម្រកសត្វ រួមទាំងការងារសង្គមផ្សេងៗនៅក្នុងតំបន់ជនជាតិដើមភាគតិច។ ក្នុងមួយឆ្នាំសមាគមអៃរាវត្តា បានចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។
បច្ចុប្បន្នសមាគមអៃរាវត្តា មានសត្វដំរីពេញវ័យចំនួន ៣ក្បាល និងកូនដំរី១ក្បាល។ ជាមួយគ្នានេះនាពេលថ្មីៗនេះ សមាគមបានព្យាយាមបង្កាត់ពូជដំរីបន្ថែមទៀតផងដែរ។ តាមរយៈការបង្កាត់ពូជនេះ អ្នកស្រីចិន្តា សង្ឃឹមថានឹងទទួលបាន ភាពវិជ្ជមានបើមិនទាន់បានលទ្ធផលអ្នកស្រីនៅតែបន្តបង្កាត់ រហូតទទួលបានជោគជ័យ។
ប្រធានសមាគមរូបនេះ ក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូប ចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុក នៅរតនគិរីបន្តទៀតផងដែរ៕