(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី ដែលបានជាប់ឆ្នោតជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា (CPMEC) បានប្តេជ្ញាចិត្តធ្វើឲ្យសភាមួយនេះ កាន់តែមានភាពរីកចម្រើនថែមទៀត។ គោលដៅធំមួយ ក្នុងចំណោមគោលដៅចំនួន៣ លោកស្រីឧកញ៉ា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (CTC)។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឧកញ៉ា កែវ មុំ មើលឃើញថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME - Micro, Small, and Medium Enterprises) នៅកម្ពុជាមានច្រើន ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយរាជរដ្ឋាភិបាល ប៉ុន្តែមានចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមទៀត។
ឧកញ៉ា កែវ មុំ បានឲ្យដឹងថា «ខ្ញុំមានការតាំងចិត្តរួចស្រេចទៅហើយថា អ្វីដែលខ្ញុំចង់ធ្វើលឿនបំផុត គឺការកៀរគរប្រមូលអ្នកដែលមានអាជីវកម្មផ្នែកក្រៅប្រព័ន្ធ ឲ្យគាត់មកចូលជាសមាជិក ហើយយើងនឹងធ្វើការសហការជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល ឬអង្គការផ្សេងៗ ដែលគាត់មានជំនួយជាថវិកា ឬជាជំនួយជាបច្ចេកវិទ្យា ឬជាបច្ចេកទេសផ្សេងៗ ដល់សភាមុខរបរ ដើម្បីបណ្តុះបណ្តាលដល់ MSME »។
លោកស្រីឧកញ៉ា បានបន្តថា អ្វីដែលសំខាន់បំផុត នៅក្នុងតួនាទីរបស់លោកស្រី និងជាអ្វីដែលកំពុងរៀបចំ រួមមាន៖
* ទី១៖ រៀបចំបណ្តុះបណ្តាលសមាជិក ឲ្យគាត់មានជំនាញពិតប្រាកដ ប្រទេសជាតិ និងពិភពលោក ដើរទៅមុខហើយ ហេតុនេះបើមិនប្រឹងអភិវឌ្ឍន៍ខ្លួនទេ អាជីវកម្មនឹងជួបបញ្ហាច្រើន។
* ទី២៖ រៀបចំបណ្តុះបណ្តាលបុគ្គលិក កម្មករ ឲ្យមានជំនាញ ដោយសារពេលវិនិយោគិនបរទេសមកវិនិយោគនៅស្រុកខ្មែរ គេរកបុគ្គលិក កម្មករជំនាញមិនសូវមាន។
* ទី៣៖ ការងារមួយទៀត លោកស្រីចង់បង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (CTC - Cambodian Trade Center) ដោយសារមើលឃើញថា ឧស្សាហកម្មនៅកម្ពុជាយើងផលិតមិនចាញ់ផលិតផលនាំចូលទេ ប៉ុន្តែដោយសារគាត់ជាខ្នាតតូច ដែលគ្មានសមត្ថភាពលក់ចែកចាញឲ្យធំទូលាយនៅក្នុងប្រទេស និងអន្តរជាតិ។ CTC នឹងត្រូវបានបង្កើតឡើង ប្រមូលនូវផលិតផលដែលសមាជិកផលិតបាន យកមកដាក់ជាបណ្តុំ ដើម្បីផ្សព្វផ្សាយ និងលក់ក្នុងស្រុក និងទៅឆាកអន្តរជាតិ។
សូមជម្រាបថា ឧកញ៉ា កែវ មុំ បានជាប់ឆ្នោតជាប្រធាន CPMEC ក្នុងអាណត្តិទី៤ នីតិកាលទី២ នាពេលថ្មីៗនេះ។ លោកស្រីឧកញ៉ា ក៏មិនភ្លេចថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល CPMEC ដែលបានផ្ដល់ទំនុកចិត្តដល់លោកស្រី។
នៅក្នុងកម្មវិធីនេះ មានការចូលរួមឃ្លាំមើលពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ដែលមានលោក សុន សេងហួត រដ្ឋលេខាធិការជាតំណាង ព្រមទាំងមានសមាជិកសមាជិកា នៃសភាមុខរបរនិងមីក្រូសហគ្រាស មួយចំនួនផងដែរ។ នៅក្នុងការបោះឆ្នោតនោះដែរ សមាជិកក្រុមប្រឹក្សាភិបាលទាំង ១៩នាក់ បានជាប់ឆ្នោតផងដែរ ហើយកម្មវិធីនេះ មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលអាណត្តិមុនដែលមានលោក សុន គន្ធរ ជាប្រធាន បានដឹកនាំ CPMEC និងជួយជ្រោមជ្រែងកន្លងមករហូតដល់បច្ចុប្បន្ន៕