(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ មហាវិថីសំរោង ដែលមានប្រវែង៥,២០០ម៉ែត្រ និងទទឹង៣០ម៉ែត្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ បឹងសំរោង ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មហាវិថីសំរោង មានប្រវែងសរុបប្រមាណ៥,២គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញ ដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំ នៅតំបន់ស្ពានព្រែកព្នៅ។
សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះ ពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និងជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័ស និងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះ ត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុត ពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។
មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ បានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង សង្ឃឹម និងជឿជាក់យ៉ាងមានសុទិដ្ឋិនិយមថាមហាវិថីសំរោងនេះ នឹងក្លាយជាសមិទ្ធផលមួយមិនអាចខ្វះបានក្នុងគោលដៅនៃការអភិវឌ្ឍភាគខាងជើង នៃរាជធានីភ្នំពេញប្រកបដោយនិរន្តរ៍ភាព៕