(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ក្រោមបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ អ.ហ ខេត្ត នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់បន្ថែមទៀត ដោយធ្វើការដលហូតថ្នាំ ចំនួន២០កញ្ចប់។
លោកវសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុម ជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅចំណុចក្រុមទី៧ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង២នាក់ រួមមានឈ្មោះ ហាយ សុផាន់ណា អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅចំណុចកើតហេតុខាងលើ និងឈ្មោះ ធីម សុខនីម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅចំណុចកើតហេតុខាងលើ។
ក្រៅពីការដកហូតថ្នាំញៀនចំនួន២០កញ្ចប់ កម្លាំងអាវុធហត្ថ បានដកហូតឧបករណ៍ សម្រាប់ជក់មួយចំនួនទូរស័ព្ទដៃ២គ្រឿង ដែកកេះ និងថង់សម្រាប់ច្រកថ្នាំញៀនផងដែរ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ចាត់ការបន្តទៀតតាមច្បាប់៕