(តួកគី)៖ រដ្ឋាភិបាលតួកគី បានបណ្តេញចោលបុគ្គលិកចំនួន១៦៧នាក់ ចេញពីក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈការជម្រុះបុគ្គលិក ពីស្ថាប័នរដ្ឋបានបន្តធ្វើឡើង បន្ទាប់ពីមានការធ្វើរដ្ឋប្រហារបរាជ័យ កាលពីខែមុន។ នេះបើតាមសម្តីលោក Faruk Ozlu រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ។
មានមនុស្សជាង៦០,០០០នាក់ ស្ថិតក្នុងវិស័យយោធា តុលាការ សេវាកម្មសេវិល និងវិស័យអប់រំ ត្រូវបានឃុំខ្លួន ផ្អាកពីការងារ ឬក៏ភារៈកិច្ច ដោយសារស្ថិតនៅក្រោមការស៊ើបអង្កេត ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងបុព្វជិតម៉ូស្លីម Fethullah Gulen កំពុងតាំងទីនៅសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលទីក្រុង Ankara ចោទប្រកាន់ថា ជាមេខ្លោងនៅពីក្រោយខ្នង ការធ្វើរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ៕