(ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ ចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា បើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។

សម្រាប់កម្មវិធីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈចំនួន១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រមានការអញ្ជើញឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមជាកិត្តិយសផងដែរ។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ឲ្យធ្វើជាប្រធានរដ្ឋសភា។ ចំណែកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។

រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕