(ព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក SCOOPY ពណ៌សក្រហម បែកគ្រាប់សោរ និងគ្មានស្លាកលេខ ស្ថិតនៅចំណុចក្បែរកាស៊ីណូយ៉ាឌូលី ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានសួរនាំទើបដឹងថា ម៉ូតូនោះជាម៉ូតូលួចគេនៅកាស៊ីណូយ៉ាឌូលី ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រោយមកសមត្ថកិច្ច ក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកស្ថិតនៅចំណុចបន្ទប់ជួលក្រោយពេទ្យ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចស្រាវជ្រាវបន្តឃាត់បានបក្ខពួក ចំនួន៣នាក់បន្ថែមទៀត នៅចំណុចអាគារទុកចោល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីសាកសួរជនសង្ស័យឈ្មោះ សុខ ហូវ ហៅយួន ទើបសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបអ្នកទទួលផលចំនួន២នាក់ (ឈ្មោះ សុខ សេង និងឈ្មោះជួប ធា)។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៧នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ វ៉ា នៅ អាយុ១៧ឆ្នាំ មុខរបរលក់គោម និងកាំជ្រួចតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៣, ទី២៖ ឈ្មោះ សុខ ហូវ ហៅយួន អាយុ១៦ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួលក្រោយពេទ្យ ភូមិ៤ សង្កាត់លេខ៤, ទី៣៖ ឈ្មោះ ជាម សុវណ្ណារិទ្ធ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤, ទី៤៖ ឈ្មោះ ផន ទេរិន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤, ទី៥៖ ឈ្មោះ គង់ សុខឃឿន អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងដីគ្មានតាមជញ្ជើមផ្លូវ ភូមិ៤ សង្កាត់លេខ៤, ទី៦៖ ឈ្មោះ សុខ សេង អាយុ៣៥ឆ្នាំ មុខរបរទទួលទិញអេដចាយ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ និងទី៧៖ ឈ្មោះ ជួប ធា អាយុ៣៧ឆ្នាំ មុខរបរទទួលទិញអេដចាយ ស្នាក់នៅភូមិ២ សង្កាត់លេខ១។

វត្ថុតាងដែលដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាកSCOOPY ពណ៌សលាយក្រហម, ទូរស័ព្ទមួយគ្រឿងម៉ាក MI ពណ៌ខៀវ, ទូរសព្ទ័ RELMI ពណ៌ខៀវ។

តាមការឆ្លើយបំភ្លឺពីជនសង្ស័យ០៥នាក់ ឈ្មោះ វ៉ា នៅ និង ឈ្មោះ សុខ ហូវ ហៅយួន បានឲ្យដឹងដូចគ្នាថា កន្លងមកពួកខ្លួន និងបក្ខពួកពិតជាបានលួចម៉ូតូ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២៖០០នាទី នៅចំណុចក្បែរខ្សាច់ស ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងកាត់ខ្សែភ្លើងតាមទីសាធារណៈជាញឹកញាប់រួចក៏យកទៅលក់ឲ្យឈ្មោះ សុខ សេង។

ចំពោះឈ្មោះ សុខ សេង បានបំភ្លឺថា ខ្លួនបានទិញខ្សែភ្លើងពីឈ្មោះ សុខ ហូវ ហើយលក់ខ្សែភ្លើងឲ្យទៅឈ្មោះ ជួប ធា និងអ្នកផ្សេងៗទៀតពុំស្គាល់ឈ្មោះ។ ចំពោះឈ្មោះ ជួប ធា បានបំភ្លឺថា៖ ខ្លួនពិតជាបានទិញស្ពាន់ខ្សែភ្លើងកំណាត់ខ្លីៗ ពីឈ្មោះ សុខ សេង និងបានទិញពីអ្នកលក់អេតចាយផ្សេងទៀត ហើយខ្លួនក៏ពុំដឹងថាឈ្មោះ សុខ សេង ទិញពីជនសង្ស័យឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿបញ្ជូនជនសង្ស័យរួមវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕