(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តផែនការសកម្មភាពការបោះតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានចាត់ទុកជោគជ័យ របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះថា បានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិក-សមាជិកាគណបក្ស និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា។
លោក ជា ចាន់តូ បានបន្តទៀតថា តាមរយ:នៃកិច្ចខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវនេះ ក៏បានបញ្ជាក់ពីការរួមចំណែកក្នុងការស្តារកសាង និងអភិវឌ្ឍភូមិ ឃុំនៅក្នុងមូលដ្ឋានខេត្តកំពង់ធំឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនថ្មីៗបន្ថែមទៀតផងដែរ។
ជាមួយនេះលទ្ធផលសរបញ្ជាក់ឲ្យឃើញច្បាស់ពីស្មារតីយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព ឯកភាពតាំងពីថ្នាក់លើរហូត ដល់ថ្នាក់ក្រោម ដែលរក្សាបានខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លានៃដំណើរ ការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្ស ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍទៀតផង។
សូមរំលឹកជូនថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ខេត្តកំពង់ធំ សំឡេងគាំទ្របានកើនឡើង ពី២០៥,៨៨២សំឡេង ដល់២៦៥,០៦០ សំឡេងស្មើនឹង២៨,៧៤% ខ្ពស់ជាងខេត្ត-ក្រុងដទៃទៀត នៃក្របខណ្ឌទូទាំងប្រទេស។
នាឱកាសនោះដែរលោក ជា ចាន់តូ បានបានសំណូមពរ ដល់សមាជិក សមាជិកាបក្សទាំងអស់ ឲ្យបន្តរួមគ្នាអនុវត្តឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ទាំងការងារគណបក្ស និងការងាររដ្ឋក្នុងតួនាទី ជាគណបក្សកាន់អំណាច ដើម្បីធ្វើការអភិវឌ្ឍសង្គម ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តាមការសន្យារបស់គណបក្ស និងឲ្យសក្ដិសមទៅនឹងការគាំទ្រ របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕