(សាំម៉ារ៉ាំង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសំខាន់ នៅទីក្រុងសាំម៉ារ៉ាំង សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីពង្រឹងកិច្ចសហការលើវិស័យអាទិភាពរួម ដូចជា ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាបៃតង ភាពធន់នៃច្រវាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។
ជាស្ដែង នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ លោកបានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី១៩ នៅទីក្រុងសាំម៉ារ៉ាំង សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គលេខាធិការអាស៊ានបានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហការលើវិស័យដែលជាអាទិភាពរួម ដូចជា ពាណិជ្ជកម្មឌីជីថល បច្ចេកវិទ្យាបៃតង និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់ជាដើម។
នៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១២។ នៅក្នុងឱកាសនោះ លោកបានសង្កត់ធ្ងន់ពីវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងកាណាដា រួមទាំងតាមរយៈការចរចាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាជាដើម។
នៅរសៀលថ្ងៃទី២០ ខែសីហា លោក កៅ គឹមហួន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កាណាដា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានស្វាគមន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងកាណាដា ព្រមទាំងបានឯកភាពធ្វើការជិតស្និទ្ធរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-កាណាដា។
នៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន តំណាងឱ្យប្រទេសសមាជិកអាស៊ានទាំង១០ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានយូរមកហើយរវាងអាស៊ាន និង WIPO។
បន្ទាប់មក លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយចក្រភពអង់គ្លេស លើកទី៣។ នៅក្នុងកិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្រោមផែនការការងារអាស៊ាន-អង់គ្លេស និងវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនាពេលអនាគត រួមទាំងការផ្លាស់ប្តូរផ្នែកឌីជីថល ការផ្លាស់ប្តូរបៃតងជាដើម។
នៅរសៀលថ្ងៃទី២០ ខែសីហានោះដែរ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយតំណាងតំបន់រដ្ឋបាលពិសេសហុងកុង លើកទី៧។ កិច្ចប្រជុំនេះ ភាគីទាំងពីរបានស្វាគមន៍ការបញ្ចប់ពិធីសារទី១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង និងទន្ទឹងរង់ចាំការចុះហត្ថលេខាពិធីសារនេះឆាប់ៗខាងមុខ។
នៅល្ងាចថ្ងៃទី២០ ខែសីហា នៅទីក្រុងសាំម៉ារ៉ាំងដូចគ្នា លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Algernon Yau ប្រធានការិយាល័យពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ហុងកុង៕