(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតកែច្នៃស្បែកសត្វមួយកន្លែង បណ្តាលឲ្យឆេះឃ្លាំងស្តុកកម្ទេចអាចម៌រណាអស់ប្រហែល៣០% ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចរោងចក្រ CIPEL ផលិតកែច្នៃស្បែកសត្វ ផ្លូវលំ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៤គ្រឿង។
ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់៦៨ឡាន និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០៤ឡាន, រថយន្តក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន និងរថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ (១៥ម៉ែត្រ គុណ ២៥ម៉ែត្រ) បានឆេះឃ្លាំងស្តុកកម្ទេចអាចម៍រណាអស់ប្រហែល៣០% នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៣៖០០នាទីយប់រំលងអាធ្រាត ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីប្រតិកម្មសារធាតុគីមី៕