(ភ្នំពេញ)៖ ក្រុមសហជីព នៅតែមិនទាន់ព្រមព្រៀងលើតួលេខណាមួយ ដើម្បីដាក់សម្រាប់ចរចាត្រីភាគីចំពោះការដំឡើងប្រាក់ឈ្នួលដល់កម្មករឆ្នាំ២០១៧ នៅឡើយទេ ក្នុងកិច្ចពិភាក្សាលក្ខណៈផ្ទៃក្នុង នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ខណៈការសិក្សារបស់ពួកគេរកឃើញថា ការចំណាយប្រចាំខែរបស់កម្មករ និយោជិតលើវិស័យកាត់ដេរនេះ បានកើនឡើងដល់រង្វង់១៧០ដុល្លារ។

ក្នុងកិច្ចពិភាក្សាផ្ទៃក្នុងរយៈពេល១ព្រឹកនោះ មានការចូលរួមដោយតំណាងសហជីពឯករាជ្យ សហជីពគាំទ្ររាជរដ្ឋាភិបាល និងសហជីពមាននិន្នាការ គាំទ្រគណបក្សប្រឆាំងផងដែរ។ ក្រៅពីនោះ ក៏មានការចូលរួមពី អង្គការ Acils និង សហជីពអន្តរជាតិ។ សហជីពមួយចំនួន មានបំណងចង់យកតួលេខ ១៧១ដុល្លារ ឯសហជីពផ្សេងទៀត ចង់យកតួលេខ១៧៦ដុល្លារ ខណៈដែលមួយក្រុមផ្សេងទៀត មិនទាន់គណនាតួលេខរបស់ខ្លួននៅឡើយទេ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ដែលចូលរួមនៅក្នុងកិច្ចប្រជុំខាងលើនេះ បានឱ្យដឹងថា សហជីពនឹងប្រជុំគ្នាម្តងទៀត នៅថ្ងៃទី១៩ ខែសីហា បន្ទាប់ពីខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំថ្ងៃនេះ។ លោកថា «នៅព្រឹកមិញនេះ យើងមិនទាន់បានបោះឆ្នោតទេ ដោយសារតែមិនមានភាពមិនចុះសម្រុងហ្នឹងគ្នា យើងនឹងលើកពេលបន្ទាប់ពីធ្វើបទបង្ហាញនៅថ្ងៃទី១៨ នៅក្រសួងការងារ ហើយថ្ងៃទី១៩ សហជីពនឹងប្រជុំផ្ទៃក្នុងម្តងទៀត ដើម្បីសម្រេចយកតួលេខ១»

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានជំរុញឱ្យសហជីពទាំងអស់ដាក់តួលេខយ៉ាងណាឱ្យមានលក្ខណៈ ស្របគ្នាទៅនឹងកំណើន សេដ្ឋកិច្ចកម្ពុជា។ លោកថាការដាក់តួលេខប្រាក់ឈ្នួលក៏ដូចជាការលក់ដែរ បើមានតម្លៃថ្លៃជ្រុលនោះអ្នកទិញនឹងមិនទិញឡើយ។

លោកថា «តួលេខហ្នឹង ដូចយើងតថ្លៃទិញដូរទំនិញ ប្រសិនបើយើងកាត់ខ្ពស់ពេក ធ្វើឱ្យគេពិបាកជជែករឿងតម្លៃនេះ ដូច្នេះយើងត្រូវមើលតួលេខ ណាដែលមានលក្ខណៈ​បច្ចេកទេសច្រើន ហើយផ្អែកលើសេដ្ឋកិច្ចសង្គម រួមទាំងគោលការណ៍៧ចំណុច»

ក្នុងការពិភាក្សា នៅថ្ងៃសុក្រនេះ ក្រុមសហជីពបានរកឃើញថា ការចំណាយរបស់កម្មករទូទាំងប្រទេសក្នុង១ខែៗ មានប្រមាណ១២៤ដុល្លារ ហើយបើបូកជាមួយនឹងប្រាក់ដែលពួកគេផ្ញើទៅគ្រួសារ ៤៧ដុល្លារទៀតនោះ ការចំណាយនឹងស្មើ១៧១។ សហជីពក៏បានគិតអំពីអតិផរណា ៣ភាគរយទៀតផងដែរ ដែលនាំឱ្យកម្មករត្រូវមានប្រាក់យ៉ាងហោចណាស់ ១៧៦ដុល្លារ ក្នុងមួយខែ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរដល់ភាពចាស់ទុំរបស់ក្រុមសហជីព ក្នុងការស្វែងរកតួលេខ រួមរបស់ខ្លួន ហើយលោកស្នើឱ្យសហជីព​ឆាប់កំណត់តួលេខមួយ​ច្បាស់លាស់ ដែលមានការសិក្សាត្រឹមត្រូវ។

លោកថា «សង្ឃឹមថា សហជីពនឹងធ្វើការផ្ទៃក្នុងរបស់ខ្លួន ជាមួយសហជីពដទៃទៀត ឱ្យមានគោលជំហររួមផ្លូវការរបស់សហជីព បន្ទាប់មកទៀតក្រសួងក៏រំពឹង និងរង់ចាំពិនិត្យទៅ​លើនីតិវិធីនៃ​ការសិក្សា​ស្រាវជ្រាវរបស់គាត់ ពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យ ដែលអ្នកសិក្សារបស់គាត់បានធ្វើ ស្របទៅតាមរូបមន្ត ស្របទៅតាមនិយមន័យនៃប្រាក់ឈ្នួលអប្បបរមា ឬក៏គាត់ប្រើនិយមន័យផ្សេង​នៃការសិក្សាស្រាវជ្រាវ​របស់គាត់»

កាលពីឆ្នាំមុន សម្រាប់ការចរចាប្រាក់ឈ្នួលត្រូវបានមជ្ឈដ្ឋាននានាកោតសរសើរថា មានលក្ខណៈកាន់តែចាស់ទុំទៅៗ ដោយមិនមានការតវ៉ា ប៉ះទង្គិចគ្នាដូចឆ្នាំមុនៗនោះទេ។ ក្រោយការចរចានេះ​ប្រាក់ឈ្នួល​អប្បបរមានរបស់កម្មករ និយោជិត ត្រូវបានដំឡើងពី១២៨ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែ៕