(ត្បូងឃ្មុំ)៖ លោក ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

លោកប្រធានបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំទាំងមូល ដែលបានបន្តផ្តល់ជំនឿជឿជាក់និងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីចំពោះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ដែលតែងតែគិតគូរពីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ជ័យជំនះដ៏ត្រចះត្រចង់នេះផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍបន្ថែមទៀត។

ជាមួយគ្នានេះ លោកប្រធានបានសម្តែងនូវការកោតសរសើរអង្គការចាត់តាំងនិងសមាជិកសមាជិកាគ្រប់រូប ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ថវិកា និងធនធានក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងស្រុកត្បូងឃ្មុំរហូតទទួលបានការគាំទ្រលើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះផងដែរ លោកប្រធានក៏បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់រូប សូមបន្តនិងពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់ល្អប្រសើរ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ សុខសាន្ត ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គពិធីទាំងមូលបានប្រកាសយ៉ាងពេញទំហឹង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដើម្បីបន្តថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីចម្រើន និងកាន់តែប្រសើរឡើងលើគ្រប់វិស័យផងដែរ៕